អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកដល់យោធិនទាំងអស់ ត្រូវមានទស្សនៈស្មោះត្រង់ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងប្រឆាំងដាច់ខាតរាល់ ឧបាយកលសង្គ្រាម ចិត្តសាស្ត្ររបស់ពួកអមិត្រ !

(ខេត្តព្រះវិហារ)៖ ប្រសាសន៍ដាស់តឿន ក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមដែលទើបបញ្ចប់ វគ្គហ្វឹកហ្វឺនទាំងអស់របស់ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ធ្វើឡើងក្នុងពិធីបិទវគ្គ ហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង ក្បាច់គុន នៃកងយោធ ពលខេមរភូមិន្ទ របស់តំបន់ប្រតិបត្តិការសឹករង ខេត្តព្រះវិហារ នៃយោធភូមិភាគទី៤ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅទីបញ្ជាការ វរសេនាតូចលេខ១ ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ។

ពិធីនោះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ស៊ិន ស៊ីណាត នាយករង នាយកដ្ឋានផ្គត់ផ្គង់ភាស្តុភា នៃយោធភូមិភាគទី៤ ,លោកឧត្តមសេនីយ៍ត្រី ជាតិ ចាម មេបញ្ជាការរងយោធភូមិភាគទី៤  ,លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័កត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ,លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ,មន្ទីរ ,អង្គភាពពាក់ព័ន្ធ ,គណៈកម្មការ ,យោធាចារ្យ ,កម្មសិក្សាការី ,នាយទាហាន នាយទាហានរង និងពលទាហាន ផងនោះដែរ។

មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័កត្រ្តា បានថ្លែងថា  វគ្គហ្វឹកហ្វឺនដែលមានរយៈពេល ៤៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃ ទី៣ ខែមករា ឆ្នាំ២០២៥ ដោយមានសិក្ខាកាម គ្រូយោធាចារ្យ គណៈកម្មាការគ្រប់គ្រងវគ្គសារុប ១២២នាក់ ត្រូវបានបិទបញ្ចប់ ប្រកបដោយជោគជ័យ គួរជាទីមោទនៈ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័កត្រ្តា បានថ្លែងទៀតថា ពិធីបើកវគ្គនេះសម្រេច បានដោយជោគជ័យ នាពេលនេះ ដោយសារមានគោលការណ៍ដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយប្រសិទ្ធភាព ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលជានិច្ចជាកាល តែងតែផ្តល់នូវការរំលឹកដាស់តឿន ទំនុកបំរុង ឧបត្ថម្ភនានា លើការងារហ្វឹកហ្វឺន បំប៉ន ជំនាញគ្រប់លំដាប់ថ្នាក់ គ្រប់កងឯកភាព ហ្វឹកហ្វឺនជាប្រចាំ សំដៅធ្វើឱ្យកងទ័ពមានសមត្ថភាព គុណភាព និងប្រសិទ្ធភាព ក្នុងការដឹកនាំបញ្ជា សម្រេចបានជោគជ័យ ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីដ៏មោះមុតរបស់សិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សា រៀនសូត្រ ហ្វឹកហាត់ ទាំងកម្លាំងកាយចិត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានលះបង់គ្រប់បែប យ៉ាង ដើម្បីសម្រេចគោលដៅ នៃវគ្គហ្វឹកហ្វឺន និងសូមកោតសរសើរដល់គណៈគ្រប់គ្រង យោធាចារ្យ គ្រូឧទ្ទេស និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងចំណេះជំនាញ ក្នុងការបង្ហាត់បង្រៀន ដឹកនាំ និងតាមដានសិក្ខាកាមយ៉ាងយកចិត្តទុកដាក់ រហូតដល់វគ្គហ្វឹកហ្វឺន ទទួលបានជោគជ័យនាពេលនេះ។

លោកអភិបាលខេត្ត បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមទាំងអស់ ត្រូវមានទស្សនៈស្មោះត្រង់ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងប្រឆាំងដាច់ខាតរាល់ឧបាយកលសង្គ្រាមចិត្តសាស្ត្ររបស់ពួកអមិត្រ ការញុះញ៉ុង បំបែកបំបាក់ ផ្ទៃក្នុងជាតិ និងត្រូវគោរពវិន័យ និងបទបញ្ជាឱ្យបានម៉ឺងម៉ាត់ ហើយបន្តអនុវត្តចំណេះដឹង និងជំនាញ ដែលទទួលបានពីវគ្គហ្វឹកហ្វឺននេះ ឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាព ត្រូវខិតខំរៀនសូត្រ ស្រាវជ្រាវ និងបង្កើនសមត្ថភាពខ្លួនឯងជាប់ជានិច្ច ដើម្បីក្លាយជាកងទ័ពគំរូ ជាកម្លាំងដ៏រឹងមាំរបស់ជាតិ និងត្រូវត្រៀមខ្លួនជានិច្ច ក្នុងការអនុវត្តនូវរាល់បទបញ្ជា ដែលថ្នាក់លើប្រគល់ជូន៕ ដោយលោក ឡុង សំបូរ

You might like

Leave a Reply

Your email address will not be published. Required fields are marked *