(ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្ដឹង ពីជនរងគ្រោះឈ្មោះ ថាំង មករា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បន្ទាយមានជ័យ ស្តីពីករណី ចោរលួចម៉ូតូ កាលពីវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នៅទីតាំងខាងលើ។
ក្រោយពីទទួលពាក្យបណ្ដឹង កម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា រហូតដល់វេលាម៉ោង១៣ និង១៥នាទី ថ្ងៃទី០៣ខែ មករា ឆ្នាំ២០២៥ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឃាង សុខឃឿន ភេទប្រុស អាយុ៣២ឆ្នាំ នៅចំណុចភូមិ០២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ព្រមទាំងដកហូតវត្ថុតាំង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ គ្មានផ្លាកលេខ ចំនួន០១គ្រឿង ហើយនាំមកកាន់មូលដ្ឋាន កងរាជអាវុធហត្ថក្រុងដើម្បី ធ្វើការសួរនាំតាមនីតិវិធី និងបានធ្វើតេស្តទឹកនោមរក សារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។
លោកវរសេនីយ៍ត្រី សុខ ឡេងមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយពីឃាត់ខ្លួន និងសួរនាំរួចបានឆ្លើយសារភាពថា រូបគេពិតបានលួចម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាង សំណុំរឿងបញ្ជូនមកកាន់ បញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូន ទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕