ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយសាសនិកឥស្លាម រៀបចំការប្រកួតបាល់ទាត់ ដើម្បីអបអរសាទរ ជ័យជន្នះ៧មករា..

(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានខេត្តកំពត មានរៀបចំការប្រកួតកីឡា បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៤៦ ទិវា៧មករា ១៩៧៩ – ៧មករា ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សេន ណាស៊ី ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយ សាសនិកឥស្លាមខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ។ ថ្នាក់ដឹកនាំ កីឡាករ និងអ្នកគាំទ្របញ្ជាក់ថា ការប្រកួតនេះជាសារ រំលឹកដល់ពលរដ្ឋ ពិសេសយុវជនជំនាន់ ក្រោយឲ្យចង់ចាំថ្ងៃ៧មករា។

ឯកឧត្តម ម៉ាត់ សេត អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយសាសនិកឥស្លាមខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុបានបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយសាសនិកឥស្លាមខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ បានរៀបចំការប្រកួតនេះឡើង ក្នុងគោលបំណង់បួនសំខាន់ ទី១,ដើម្បីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា ជាការរំលឹកដឹងគុណ នូវការលះបង់របស់ កម្មាភិបាលជំនាន់មុន ពិសេសគុណូបការៈ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងថ្នាក់ដឹកនាំទាំងអស់ ទី២,កៀងគរ ជំរុញយុវជនឲ្យលេងកីឡាដើម្បីសុខភាព និងជៀសឆ្ងាយពីអំពើ អបាយមុខផ្សេងៗ ជាពិសេសគ្រឿងញៀន និងល្បែងស៊ីសង។ ទី៣, ចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍ក្នុងខេត្តកំពត និងទី៤ បង្កើនចំណងមិត្តភាព ភាតរភាពកាន់តែស្និតស្នាល រវាងថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំ ក៏ដូចជាយុវជន និងយុវជនខេត្តនីមួយៗផង។

ក្រុមកីឡាករបាល់ទាត់ បានបង្ហាញអារម្មណ៍ សប្បារយរីករាយ ដែលថ្នាក់ដឹកនាំបានបង្កើត កម្មវិធីប្រកួតនេះឡើង ដើម្បីរំលឹកដល់ថ្ងៃ ជ័យជម្នះ៧មករាផង ដើម្បីបានជួបជុំគ្នាលេងកីឡា ដើម្បីសុខភាព និងមិត្តភាពផង។

ចំណែកអ្នកចូលរួមគាំទ្រ លើកទឹកចិត្តក្រុមកីឡាករ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះការផ្តួចផ្តើម រៀបចំការប្រកួតបាល់ទាត់នេះឡើង វាល្អ និងសំខាន់សម្រាប់យុវជន ដែលត្រូវចូលរួមអប់អរសាទរ និងដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានរំដោះប្រទេសជាតិ និងប្រជាជនចេញពី របបប្រលៃពូជសាសន៍ប៉ុល នៅថ្ងៃ៧ មករា ១៩៧៩ ។

ការប្រកួតមាន៤ក្រុម ខេត្តកំពត២ក្រុម កែប១ក្រុម និងខេត្តព្រះសីហនុ១ក្រុម ដើម្បីជ្រើសរើសយកចំណាត់ថ្នាក់លេខ១ និងលេខ២។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ចំណាត់ថ្នាក់លេខ១បានទៅក្រុមបាល់ទាត់កំពត២ ទទួលបានពានរង្វាន់១ និងថវិកាចំនួន២,០០០,០០០រៀល។ ចំណាត់ថ្នាក់លេខ២ បានទៅក្រុមបាល់ទាត់កំពត១ ទទួលបានថវិកាចំនួន ១,៥០០,០០០រៀល  ចំណែកក្រុមពុំទទួលបានជ័យលាភី ក្នុង១ក្រុមទទួលបានថវិកាឧត្ថម្ភចំនួន១,០០០,០០០រៀល៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *