ពលរដ្ឋនិងភ្ញៀវទេសចរថា បុណ្យឆ្លងឆ្នាំនៅខេត្តកំពត រៀបចំស្អាតទាក់ទាញ និងអ្នកចូលរួមច្រើន កុះករជាងឆ្នាំមុនៗ……..

(ខេត្តកំពត)៖ ពិធីឆ្លងឆ្នាំ២០២៤ ចូល២០២៥ នៅខេត្តកំពតបានបញ្ចប់ ទៅដោយភាពសប្បាយរីករាយ បន្សល់នូវស្នាមញញឹម ពោពេញដោយអនុវស្សាវរីយ៍ និងដោយក្តីសង្ឃឹម សម្រាប់ឆ្នាំថ្មី២០២៥។

ប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានបង្ហាញ ក្តីរំភើបរីករាយឥតឧបមា និងថាពិតជាមិនខកបំណង ដែលខ្លួនបានមកឆ្លងឆ្នាំនៅខេត្តកំពត ព្រោះការរៀបចំស្អាត ទាក់ទាញ និងអ្នកចូលរួមច្រើន កុះករជាងឆ្នាំមុនៗ ។ ពួកគាត់បានថ្លែងអំណរគុណ និងជូនពរដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រជាជន ទូទាំងប្រទេសផងដែរ។

ទិដ្ឋភាពក្រុងកំពត ពិសេសតំបន់សួនច្បារ និងឆ្នេរខ្សាច់មាត់ព្រែក ចាប់ពីស្ពានថ្មី រហូតដល់ឆ្នេរខ្សាច់កោះស្មៅ  (ប្រមាណ៦គីឡូម៉ែត្រ) នៅរាត្រីឆ្លងឆ្នាំ២០២៤ ចូល២០២៥  គេសង្កេតឃើញមាន ប្រជាពលរដ្ឋក្នុងខេត្ត ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានមកជួបជុំគ្នា លក្ខណៈជាគ្រួសារ មិត្តភក្តិ និងក្រុមការងារ អង្គុយទទួលទាន អាហារយ៉ាងឈ្ងុយឆ្ងាញ់  អ្នកខ្លះហូបបណ្តើរ រាំកម្សាន្តបណ្តើរ ញ៉ាំងឲ្យបរិយាកាសឆ្លងឆ្នាំ នៅក្រុងកំពត មានភាពអ៊ូអរ និងអធឹកអធមក្រៃលែង។

ម្យ៉ាងទៀតរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាយក្ស អមដោយការរៀបចំលម្អ ភ្លើងផ្កាភ្ញីចម្រុះព័ណ៍ ដ៏ស្រស់ស្អាតផងនោះ បានធ្វើឲ្យមនុស្សម្នាទាំងចាស់ ទាំងក្មេងបានមកក្រាលកន្ទេល ខ្លះបោះតង់ គេងរង់ចាំ ពេលវេលារាប់ថយក្រោយ និងទស្សនាការបាញ់កាំជ្រួច ទាំងត្រើយខាងកើត និងត្រើយខាងលិច ខណៈដែលការ ប្រគំតន្ត្រីក៏មានច្រើនកន្លែងផងដែរ។

ប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានបង្ហាញ អារម្មណ៍រំភើបរីករាយឥតឧបមា និងថាពិតជាមិនខកបំណង ដែលខ្លួនបានមកឆ្ល ងឆ្នាំនៅខេត្តកំពត ព្រោះការរៀបចំស្អាត ទាក់ទាញ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ  ម្ហូបអាហារ និងសេវាស្នាក់នៅផ្សេងៗគ្មានការដំឡើងថ្លៃទេ ពិសេសឃើញមានអ្នក មកចូលរួម ច្រើនកុះករជាងឆ្នាំមុនៗ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុល បានបញ្ជាក់ឲ្យដឹងថា ស្ថានភាពជារួមនៅក្នុងខេត្តកំពតនៅថ្ងៃឆ្លងឆ្នាំ មានភាពល្អប្រសើរ គ្មានបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ។

ដោយឡែកលំហូរភ្ញៀវ មកដើរកម្សាន្តមាន ច្រើនទាំងពេលថ្ងៃ និងនៅពេលរាត្រី ចំនួនភ្ញៀវសរុប១៩៨ ៥០១នាក់ នាក់ក្នុងនោះ៖ ភ្ញៀវទេសចរជាតិ ១៩៧,៨៤៨នាក់ ភ្ញៀវអន្តរជាតិចំនួន៦៥៣នាក់។

លោកបានបញ្ជាក់ផងដែរថា វត្តមានដ៏ច្រើនរបស់ភ្ញៀវទេសចរនេះ បានបង្ហាញអំពីភាពជោគជ័យ របស់រដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំ របស់ឯកឧត្តមម៉ៅ ធនិន  ដែលលោកតែងតែបាន យកចិត្តទុកដាក់ និងជំរុញវិស័យទេសចរណ៍ខេត្ត តាមរយៈការបង្កើត សមិទ្ធផលថ្មីៗជាច្រើន ដើម្បីស្រូបទាញយក ភ្ញៀវទេសចរឲ្យបានច្រើន បំផុតតាមដែរអាចធ្វើបាន ក្នុងបំណងជំរុញកំណើន សេដ្ឋកិច្ចគ្រួសារពលរដ្ឋ ក៏ដូជាសេដ្ឋកិច្ចខេត្ត ស្របតាមការ ចង់បានរបស់រាជ រដ្ឋាភិបាលកម្ពុជា៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *