(ខេត្តកែប)៖ ដើម្បីចូលរួមអបអរសាទរ និងទទួលស្វាគមន៍ទេសចរជាតិ និងអន្តរជាតិ មកលេងខេត្តកែប ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០២៤ ចូល២០២៥ រដ្ឋបាលខេត្តកែបបានរៀបចំ ការប្រណាំងទូកផ្កាចារសមុទ្រ លើកទី១៤ នៅឆ្នេរអង្កោល។
ក្រុមកីឡាករ និងពលរដ្ឋខេត្តកែបបញ្ជាក់ថា កម្មវិធីរៀបចំបានល្អ ទាំងបរិស្ថានអនាម័យ សន្តិសុខសណ្តាប់ធ្នាប់ និងមានអ្នកចូលរួម ច្រើនទស្សនាច្រើនកុះករ។ តាមរយៈការប្រណាំងទូក នេះនឹងជួយផ្សព្វផ្សាយ សក្តានុពលឆ្នេរ អង្កោលបន្ថែមទៀត។
ក្រុមកីឡាករប្រណាំងទូក បានបង្ហាញចំណាប់អារម្មណ៍ សប្បាយរីករាយ និងពេញចិត្តចំពោះគំនិត ផ្តួចផ្តើម រៀបចំ ការប្រណាំងទូកផ្កាចរ សមុទ្រលើកទី១៤ ឆ្នាំ២០២៤ នៅឆ្នេរអង្កោល ដើម្បីអប់អរសាទរ ពិធីបុណ្យឆ្លងឆ្នាំ២០២៤ ក៏ដូចជាផ្តល់ឱកាសឲ្យ ពលរដ្ឋបានមកជួបជុំ និងកម្សាន្តសប្បាយជាមួយគ្នា តាមរយៈការប្រណាំង ដណ្តើមយកជ័យលាភី ។
ប្រជាពលរដ្ឋខេត្តកែប បានបង្ហាញអំពីទិដ្ឋភាព នៃការរៀបចំការប្រណាំង ទូកផ្កាចារសមុទ្រដែរថា រដ្ឋបាលខេត្តកែប រួមនឹងរដ្ឋបាលស្រុកដំណាក់ចង្អើរ រៀបចំបានល្អ ពិសេសការសម្រេច ជ្រើសរើសយកទីតាំង ឆ្នេរអង្កោល ដើម្បីប្រកួត។ ព្រោះវាអាចជួយបំផុស និងផ្សព្វផ្សាយឲ្យទេសចរបានឃើញ និងមកលេងឆ្នេរអង្កោល កាន់តែច្រើន ជួយលើកស្ទួយជីវភាព ពលរដ្ឋនៅក្នុងមូលដ្ឋាន។
ការប្រណាំងទូកផ្កាចារ សមុទ្រលើកទី១៤ ឆ្នាំ២០២៤នេះ មានទូកចូលរួមប្រណាំងសរុបចំនួន ៤០ទូក ក្នុងនោះមានប្រភេទទូកវែងសរុបចំនួន ៣៨ទូក (ទូកនារី៤ទូក) និងទូកខ្លី២ទូក ដែលមានកីឡាករ កីឡាការិនីសរុបចំនួន ២៥៧នាក់ ស្រី២១នាក់ ៕ សេង ណារិទ្ធ