ខេត្តស្ទឹងត្រែង៖ នាយអាវុធហត្ថខេត្តស្ទឹងត្រែងជាច្រើនរូប ដែលមានស្នាដៃឆ្នើមក្នុងការបម្រើជាតិ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងចូលរួមក្នុងវិស័យសង្គមនានាជាច្រើនទៀត ទទួលបានលិខិតសរសើរ ប័ណ្ណសរសើរ ពីអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ,មេដាយសំរិត មេដាយមាស ពីរាជរដ្ឋាភិបាល គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ពី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ការទទួលបានលិខិតសរសើរ ប័ណ្ណសរសើរ មេដាយសំរិត មេដាយមាស និងគ្រឿងឥស្សរិយយសថ្នាក់មហាសេរីវឌ្ឍន៍របស់ នាយអាវុធហត្ថខេត្ត នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។
ពិធីនោះដែរ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយរដ្ឋមន្ត្រី ដោយមានការចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈាង ឡាក់ ,អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា និងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងមេឃុំ-ចៅសង្កាត់ ផងដែរ។
នៅក្នុងការទទួលបានលិខិតសរសើរ ប័ណ្ណសរសើរ មេដាយសំរិត មេដាយមាស និងគ្រឿងឥស្សរិយយសថ្នាក់មហាសេរីវឌ្ឍន៍ របស់នាយអាវុធហត្ថខេត្តស្ទឹងត្រែង នាគ្រានោះ លោកវរសេនីយ៍ឯក ឈាត វាសនា មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ទទួលបានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ពី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងគ្រឿងឥស្សរិយយសជាច្រើនទៀតផងដែរ ពីរាជរដ្ឋាភិបាលកម្ពុជា និងពីអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
លោកវរសេនីយ៍ឯក ឈាត វាសនា មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានឱ្យដឹងថា លោកបានចូលបម្រើជាតិ និងបំពេញតួនាទី ភារកិច្ចជាកងកម្លាំងប្រដាប់អាវុធ (អាវុធហត្ថខេត្ត) អស់រយៈកាលជាង ៣០ឆ្នាំមកហើយ ហើយអ្វីដែលលោកពេញចិត្ត និងដឹងគុណបំផុត គឺជាការទទួលបានមេដាយកិត្តិយសជាច្រើន ពិសេសគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ពី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
លោកវរសេនីយ៍ឯក ឈាត វាសនា បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ គិតគូ ពីថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង អាណត្តិមុនៗ ពិសេសឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាអាណត្តិទី៧នេះ តែងបានលើកទឹកចិត្តដល់មន្ត្រីរាជការ និងកងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពិសេសកម្លាំងអាវុធហត្ថខេត្ត តាមរយៈការផ្តល់ប័ណ្ណសរសើរ លិខិតសរសើរ មេដាយកិត្តិយសគ្រប់ប្រភេទ ដែលបានខិតខំបំពេញការងារ នៅក្នុងឆ្នាំកន្លងមកនេះ៕SN