(ខេត្តកែប)៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដី ដែលបានវាស់វែងរួច នៅភូមិទួលសាងាំ ឃុំអង្កោល, ភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ និងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ដើម្បីអោយប្រជាពលរដ្ឋបានពិនិត្យផ្ទៀងផ្ទាត់ និងស្នើសុំកែតម្រូវលើទិន្នន័យក្បាលដី ដែលមិនមានភាពជាក់លាក់ ឬមិនពេញលេញ។
ពិធីនេះប្រព្រឹត្តទៅ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងបរិវេណសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងបានការចូលរួមពីសំណាក លោក លោកស្រី អភិបាលរងខេត្ត ឧត្ដមសេនីយ៍ វរសេនីយ៍ តំណាងកងកម្លាំងទាំងបី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្ត្រីបច្ចេកទេសវាស់វែងដីធ្លី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សរុប ជាង៦០០ នាក់។
បើតាមរបាយការណ៍ លោក និម្មាបនិក សុទ្ធ ពុទ្ធីម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ថា៖ លទ្ធផលនៃការវាស់វែងក្បាល់ដីក្នុងភូមិទាំង ៣នេះ ភូមិទួលសាងាំ មានក្បាលដីសរុប ចំនួន ២,១៤២ ក្បាល់ដី ក្នុងនោះក្បាលដីចុះបញ្ជីជាលក្ខណៈដាច់ដោយដុំ មាន២ក្បាលដី, ភូមិចំការបី មានក្បាលដីសរុប ចំនួន ១,៧៣៩ ក្បាលដី ក្នុងនោះ ចុះបញ្ជីជាលក្ខណៈដាច់ដោយដុំ និងតាមបទបញ្ជាលេខ ០១បប ក្រោមគោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី មាន ៣០៨ក្បាលដី, ភូមិថ្មី មានក្បាលដីសរុប ចំនួន ២,៣៤០ក្បាលដី ក្នុងនោះក្បាល់ដីចុះបញ្ជី ជាលក្ខណៈដាច់ដោយដុំ មានចំនួន៧៣ក្បាលដី ។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្តកែប បញ្ជាក់បន្ថែមថា៖ ការបិទផ្សាយនេះ គឺដើម្បីធានានូវភាពមិនត្រឹមត្រូវ ឬខុសឆ្គង និងសុំកែតម្រូវ ក្នុងករណីបងប្អូនពិនិត្យឃើញថា ទិន្នន័យក្បាលដីដែលបានបិទផ្សាយពុំមានភាពជាក់លាក់ ឬមិនពេញលេញ បងប្អូនមានសិទ្ធសុំមន្ត្រីជំនាញ ជួយបំភ្លឺលើខ្លឹមសារនៃឯកសារ ដែលបានបិទផ្សាយ ជាសាធារណៈនៅទីតាំង សាលាស្រុកដំណាក់ចង្អើរ សម្រាប់ភូមិទួលសាងាំ និងភូមិចំការបី នៃស្រុកដំណាក់ចង្អើរ និងនៅបរិវេណមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សម្រាប់ភូមិថ្មី ដែលមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត សូមអោយប្រជាពលរដ្ឋ ទាំងអស់ដែលមាន ក្បាលដីស្ថិតនៅភូមិទាំង៣ ត្រូវអញ្ជើញមកពិនិត្យ សុំកែតម្រូវ ដោះស្រាយ អោយបានទាន់ពេលវេលា៕ សេង ណារិទ្ធ