(ខេត្តកែប)៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃ គណៈអភិបាលខេត្តកែប បានធ្វើការណែនាំដល់អាជ្ញាធរ និងមន្ទីរអង្គភាព ពាក់ព័ន្ធទាំងអស់ នៅក្នុងឱកាសបុណ្យ ចូលឆ្នាំសកល ឆ្នាំ២០២៤ ចូលឆ្នាំ២០២៥ ត្រូវធ្វើការត្រួតពិនិត្យទៅ លើតម្លៃក្នុងការលក់ចេញ និងណែនាំដល់បងប្អូនអាជីវករ និងប្រតិបត្តិករ ត្រូវមានបញ្ជីមុខម្ហូបឬសេវា អោយបានត្រឹមត្រូវ គ្រប់ទីតាំងទាំងអស់ ដើម្បីផ្ដល់នូវផាសុខភាព ភាពជឿជាក់ និងភាពសប្បាយរីករាយជូនអ្នកទេសចរ ជាពិសេស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការការពារ សន្ដិសុខ សុវត្តិភាព សណ្ដាប់ធា្នប់សារធារណៈ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អោយមានភាពសប្បាយ រីករាយនាឱកាសនោះ ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផការងារប្រចាំខែធ្នូ និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ និងសេចក្ដីព្រាងរបាយការណ៍បូក សរុបលទ្ធផលការងារ ប្រចាំឆ្នំា២០២៤ និងលើកទិសដៅ អនុវត្តការងារប្រចាំឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូល រួមពីសំណាក លោក/លោកស្រី អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត ទីចាត់ការជំនាញ កងម្លាំងទាំងបី អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធផងដែរ។
ជាមួយគ្នានោះដែរ ដើម្បីបង្កើននូវភាពសប្បាយ រីករាយជូនដល់ភ្ញៀវទេសចរណ៍ ដែលមកលេងកំសាន្ដក្នុងខេត្តកែប ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល រដ្ឋបាលខេត្តកែប បានត្រៀមលក្ខណៈរួចរាល់ បង្កើតព្រឹត្តិការណ៍សប្បាយៗ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងនោះមានដូចជា ពិធីបង្ហោះខ្លែងខ្មែរ ប្រឡងច្រៀងបុរាណ សម័យ ពិធីអំទូកផ្ដាចារសមុទ្រ ប្រគុំតន្ដ្រី សិល្បៈ ល្ខោនបាសាក់ អុចកាំជ្រួច និងបង្ហោះគោម ផងដែរ៕ សេង ណារិទ្ធ