យុវជនស្ម័គ្រចិត្ត កាកបាទក្រហមត្រូវ ខិតខំបំពេញតួនាទីជា ឆ្អឹងខ្នងរបស់សង្គមជាតិ………

(ខេត្តកំពត)៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នេះនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៤ ក្រោមប្រធានបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព” និងទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” ដែលកម្មវិធីរៀបចំធ្វើឡើង នៅសាលាស្រុកកំពង់ត្រាច។

ក្នុងឱកាសនោះ លោកស្រីវេជ្ជ.យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខា បានមានមតិសំណេះ សំណាលដោយបានពាំនាំ មកនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងជាពិសេសពីសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា សូមចូលរួមអបអរ និងកោតសរសើរចំពោះ បងប្អូនអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទ ក្រហមកម្ពុជា  តែងតែបានចូលរួមយ៉ាងសកម្ម ក្នុងសេវាកម្មមនុស្សធម៌ ដោយស្មារតីស្ម័គ្រចិត្ត និងទទួលខុសត្រូវ ក្នុងស្ថានភាពដែលបានជួបប្រទះផ្ទាល់ តាមរយៈការផ្តល់សេវាសង្គ្រោះបឋមដល់ជនរងគ្រោះ  ការអប់រំសុខភាពអនាម័យ និងការងារដែលមាន ប្រយោជន៍ដល់សហគមន៍ និងសាលារៀនជាដើម ។

លោកស្រីបានបន្តថា ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត គឺជាការលើកកម្ពស់ការចូល រួមដោយស្ម័គ្រចិត្តក្នុងការងារ មនុស្សធម៌របស់ចលនា អន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្នុងនាមជាជំនួយការឱ្យ អាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌។

ការប្រារព្ធពិធីនេះក្នុង គោលបំណងលើកទឹកចិត្ត ជំរុញការលើកកម្ពស់ សកម្មភាពមនុស្សធម៌ ចំពោះបងប្អូនអ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជន កាកបាទក្រហមកម្ពុជាយើង ដែលខិតខំបំពេញការងារ រយៈពេល១ឆ្នាំមកនេះ ដូចទិសស្លោក ដែលលើកឡើងថា ”អ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជា ជាឆ្អឹងខ្នងរបស់សមាគមជាតិ” និង ”យុវជនកាកបាទក្រហមកម្ពុជា ជាភ្នាក់ងារនៃការផ្លាស់ប្តូរ ឥរិយាបទជាវិជ្ជមានក្នុងសង្គម”។

លោកស្រីបានលើកទឹកចិត្ត យុវជនឱ្យខិតខំបំពេញការងារ ដោយផ្ដោតលើគុណតម្លៃ នៃការងារស្ម័គ្រចិត្ត ដែលជាឆ្អឹងខ្នងរបស់ចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម និងជាកម្លាំង ប្រតិបត្តិករមនុស្សធម៌ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

ក្រុមយុវជនស្ម័គ្រចិត្ត កាកបាទក្រហមបាទ បង្ហាញទឹកចិត្តសប្បាយ រីករាយក្នុងការចូលរួមផ្តល់ សេវាកម្មមនុស្សធម៌ ជាមួយកាកបាទ ក្រហមកម្ពុជា។

ដើម្បីជាការលើកទឹកចិត្ត សាខាបានផ្ដល់ជូននូវប័ណ្ណសរសើរ ដល់អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន១៣៥នាក់ ៖ ក្នុងម្នាក់ៗទទួលបានប័ណ្ណសរសើរ១ និងអមដោយថវិកា៤ម៉ឺនរៀល ។

ហើយសាខាបានផ្តល់ អំណោយដល់អ្នកផ្ទុក មេរោគអេដស៍ និងអ្នកជំងឺអេដស៍ ចំនួន១៥០នាក់ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ,  និងថវិកា៤ម៉ឺនរៀលផងដែរ៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *