(ខេត្តកំពត)៖ អភិបាលខេត្តកំពតលើកឡើងថា ខេត្តកំពតគឺជាខេត្តមួយ ដែលពោពេញទៅដោយ សក្តានុពលស្ទើគ្រប់ផ្នែកទាំងអស់ ទាំងវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម រ៉ែ និងអំណោយផលសម្រាប់ ការបង្កើតរោងចក្រផ្សេងៗផងដែរ។
ឯកឧត្តមអភិបាល ខេត្តបានបញ្ជាក់ថា ខេត្តកំពតរង់ចាំជានិច្ចសម្រាប់ ការវិនិយោគពីបណ្តា ក្រុមហ៊ុនផ្សេងៗជានិច្ច ដើម្បីបង្កើតការងារជូនពលរដ្ឋ។
ថ្លែងក្នុងជំនួបពិភាក្សា ការងារលើការវិនិយោគជាមួយ ក្រុមហ៊ុន ទីឆាវ ថេកស្លាយ (ខេមបូឌា) ខូអិលធីឌី ដែលជាក្រុមហ៊ុនវិនិយោគ ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតក្រណាត់ មកពីប្រទេសចិន នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា កំពតគឺជាខេត្តមួយ ដែលមានសក្តានុពល ស្ទើគ្រប់វិស័យសម្រាប់ការវិនិយោគ មានដូចជា វិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម រ៉ែ ពិសេសខេត្តកំពតមានទាំងកំពង់ផែ ផ្លូវដែក ផ្លូវគោក ហើយខេត្តកំពតគឺជា ខេត្តមួយដែលព្រែកជីកហ្វូណនតេជោ ឆ្លងកាត់ស្រុកចំនួន៣ ដើម្បីភ្ជាប់ការដឹកជញ្ជូន ទំនិញតាមផ្លូវទឹកផងដែរ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងនាមអាជ្ញាធរខេត្ត គឺរង់ចាំជានិច្ចចំពោះដៃគូវិនិយោគ ទាំងអស់ដែលមាន បំណងចង់មកវិនិយោគ ក្នុងទឹកដីនៃខេត្តកំពត ព្រោះការវិនិយោគ បង្កើតរោងចក្រផ្សេងៗ និងជួយបង្កើតការងារ ជូនដល់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រពិសេស កាត់បន្ថយការធ្វើចំណាកស្រុក របស់ពលរដ្ឋទៅរកការងារធ្វើ នៅក្រៅប្រទេស។
ឯកឧត្តម ម៉ៅ ធនិន បានបន្ថែមថា គោលនយោបាយរបស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិន ប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចតែងតែគិត គូជានិច្ចចំពោះកិច្ចការអភិវឌ្ឍ និងទំនើបកម្ម ហើយសម្តេចបានដាក់ ចុះនូវកិច្ចចង្អុលការ និងដាក់ទិសដៅមកកាន់ អាជ្ញាធរដោយធ្វើ យ៉ាងណាឈោងចាប់ ក៏ដូចជាសហការជាមួយអ្នកវិនិយោគក្រៅប្រទេស ដើម្បីបង្កើតការងារឱ្យបានច្រើនសម្រាប់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោក Yuming Pan (យ៉ុមមីង ផាន់) ប្រធានក្រុមហ៊ុន ទីឆាវ ថេកស្លាយ (ខេមបូឌា) ខូអិលធីឌី បានសំដែងសេចក្តីត្រេកអរ និងមានការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺការរក្សា បាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលជាឱកាសមួយ សម្រាប់អ្នកវិនិយោគ។
លោកប្រធានក្រុមហ៊ុនបានបន្ថែមថា ការដែលលោកសំឡឹងមើល ឃើញឱកាសសម្រាប់ ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ពិសេសខេត្តកំពត ដោយសារតែខេត្តកំពត គឺជាខេត្តដែលមានសក្តានុពលច្រើន និងសមស្របសម្រាប់ ក្រុមហ៊ុនរបស់លោក មកធ្វើការវិនិយោគ ហើយការវិនិយោគនេះទៀតសោត ដំណាក់កាលទី១ ក្រុមហ៊ុន គ្រោងនឹងបង្កើតរោងចក្រកាត់ដេរ និងដំណាក់កាលទី២ ក្រុមហ៊ុននិងបង្កើត រោងចក្រផលិតក្រណាត់ ដែលអាចនឹងត្រូវ ការកម្លាំងពលកម្មប្រមាណជាង ២ម៉ឺន ៥ពាន់នាក់៕ សេង ណារិទ្ធ