ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជួបប្រជុំជាមួយឯកឧត្តម ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង និងអ្នកពាក់ព័ន្ធ ដើម្បីពិភាក្សា និងពង្រឹងការអនុវត្តសកម្មភាពប្រតិបត្តិការត្រីកោណមាស ១៥១១ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ព្រមទាំងចុះពិនិត្យមើលដោយផ្ទាល់នូវស្ថានភាពភូមិសាស្ត្រផ្លូវទឹកនិងផ្លូវគោកនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ដែលឧក្រឹដ្ឋជនតែងតែលួចលាក់នាំចូលដោយខុសច្បាប់នូវសារធាតុញៀន។
ថ្លែងដឹកនាំកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា ការជួបប្រជុំគ្នានាពេលនេះជាការពង្រឹងបន្ថែមទៀតនូវការអនុវត្តសកម្មភាពការងារប្រតិបត្តិការត្រីកោណមា ១៥១១ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ហើយកន្លងមកប្រតិបត្តិការនេះយើងបានអនុវត្តបានចំនួនលើកមកហើយ ដែលសំដៅទប់ស្កាត់ការចរាចណ៍គ្រឿងញៀនឆ្លងកាត់ពីតំបន់ត្រីកោណមាសចូលមកប្រទេសទាំង៦តាមបណ្តោយដងទន្លេមេគង្គ មានប្រទេសមីយ៉ានម៉ា ចិន ឡាវ ថៃ វៀតណាម និងប្រទេសកម្ពុជា។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ បានបន្តថាការងារប្រតិបត្តិការត្រីកោណមា ១៥១១នេះក៏ជាផ្នែកមួយនៃគម្រោងសុវត្តិភាពទន្លេមេគង្គ SMGC មានការគាំទ្រពីគម្រោងLOAរបស់ព្រះរាជាណាចក្រថៃទាំងសម្ភារៈនិងបច្ចេកទេស។ ទន្ទឹមនិងនេះឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ ក៏បានជំរុញឲ្យអាជ្ញាធរកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធសូមចុះអនវត្តការងារដោយចុះល្បាតឲ្យបាន៤ដង ក្នុងខែដើម្បីទប់ស្កាត់ការចរាចណ៍គ្រឿងញៀនខុសច្បាប់។
ឯកឧត្តម ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានប្រសាសន៍ថា ស្ថានភាពភូមិសាស្ត្រខេត្តស្ទឹងត្រែង ជាពិសេសនៅតាមបណ្តាយព្រំដែនកម្ពុជា-ឡាវមានភាពស្មុគស្មាញ ទាំងខាងផ្លូវទឹកនិងផ្លូវគោក ដែលអំណោយផលដល់ឧក្រិដ្ឋជនងាយស្រួលក្នុងការធ្វើសកម្មភាពចរាចរណ៍នូវសារធាតុញៀនខុសច្បាប់ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីអាជ្ញាធរខេត្ត រួមទាំងកម្លាំងមានសមត្ថកិច្ចនៅតែអាចបង្ក្រាបបានជាបន្តបន្ទាប់ ។
ឯកឧត្តម អភិបាលរងខេត្តស្ទឹងត្រែងបានបន្តថាទោះជាមួយរយៈពេលចុងក្រោយនេះយើងមើលឃើញថាមានស្ថានភាពស្ងប់ស្ងាត់ ប៉ុន្តែឧក្រិដ្ឋជននៅតែសម្លឹងមើលការធ្វើសប្រហែលរបស់យើងដើម្បីបន្តសកម្មភាពរបស់ខ្លួន។ទន្ទឹមនិងនេះឯកឧត្តម អភិបាលរងខេត្តក៏បានស្នើដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាគម្រោងLOAជួយបណ្តុះបណ្តាលបន្ថែមជូនចំពោះមន្ត្រីពាក់ព័ន្ធឲ្យមានការយល់ដឹងពីនិតិវិធីនានាក្នុងការបង្រ្កាបបទល្មើសសគ្រឿងញៀន និងមេត្តាជួយជាសម្ភារៈបច្ចេកទេសនានាដល់អាជ្ញាធរពាក់ដើម្បីឲ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព។
គួបញ្ជាក់ផងដែរថាក្រោយបញ្ជប់នៃកិច្ចប្រជុំពិភាក្សាគណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអ្នកពាក់ព័ន្ធបានចុះទៅត្រួតពិនិត្យសកម្មភាពចល័តត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបការចរាចរជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ឆ្លងកាត់ព្រំដែន (ផ្លូវទឹក និង ផ្លូវគោក) បានចំនួន ៩គោលដៅមានដូចជា គោលដៅទី១ : ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ទី២ : ដើមល្វា ទី៣ : ស្ពានទី២ ទី៤ : ប៉ុស្តិ៍នគរបាលការពារព្រំដែនអូរស្វាយ គោលដៅទី៥ : កោះល្ង គោលដៅទី៦ : កោះបន្ទាយ គោលដៅទី៧ : កោះឈើទាលធំ គោលដៅទី៨ : ចំណុចបង្គោលលេខ៣១ ដល់បង្គោលលេខ៣៤ និងច្រកតូចៗ គោលដៅទី៩ : ចំណុចត្រួតពិនិត្យផ្លូវបំបែកចូលស្រុកបុរិអូរស្វាយសែនជ័យ។SN