អភិបាលខេត្តកំពតនឹងជួយ រៀបចំកែលម្អសហគមន៍ ទេសចរណ៍ឲ្យកាន់តែ ទាក់ទាញភ្ញៀវជាងមុន…

(ខេត្តកំពត)៖ អភិបាលខេត្តកំពតបានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែដាក់ចុះនូវ គោលនយោបាយ និងកិច្ចចង្អុលការដល់ខេត្ត ដែលមានសក្តានុពលទេសចរណ៍ ឲ្យខិតខំអភិវឌ្ឍន៍ កែច្នៃដើម្បីទាញទេសចរ ជំរុញកំណើនសេដ្ឋកិច្ច ជូនពលរដ្ឋក្នុងតំបន់។ ហើយឯកឧត្តមសន្យាថា នឹងជួយរៀបចំកែលម្អ សហគមន៍ទេសចរណ៍នានា ឲ្យកាន់តែទាក់ទាញជាងមុន។

មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី ក្នុងដំណើរចុះពិនិត្យស្ថានភាពការរស់នៅ របស់បងប្អូនប្រជានេសាទ ក៏ដូចជាពិនិត្យទីតាំងសម្រាប់ កែលម្អសោភ័ណភាពនៅ សហគមន៍នេសាទចំនួន២ ក្នុងក្រុងបូកគោ គឺសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោមកិច្ចចង្អុលការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ និងជំរុញដល់អាជ្ញាធរខេត្តដែល មានសក្តានុពលទេសចរណ៍ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍ កែច្នៃ តំបន់ទាំងនោះ ឱ្យកាន់តែមានភាពទាក់ទាញ បន្ថែមទៀត ដើម្បីស្រូបទាញភ្ញៀវទេសចរ ឱ្យមកលេងកម្សាន្ត ពិសេសទាញយក ចំណូលជូនប្រជាពល រដ្ឋនៅក្នុងតំបន់នោះ។

ឯកឧត្តមបានបន្ថែមថា រដ្ឋបាលខេត្តនឹងជួយកែលម្អសោភ័ណភាព សហគមន៍ទេសចរណ៍នានាឲ្យមានភាពទាក់ទាញ ដើម្បីបំរើប្រយោជន៍ជូនពលរដ្ឋ បានយូរអង្វែង។ ជាជំហានដំបូង ឯកឧត្តមនឹងជួយកែលម្អសហគមន៍ព្រែកត្នោត និងត្រពាំងរពៅមុនគេ ខណៈដែលសហគមន៍ ត្រពាំងសង្កែបានរៀបចំ ចំណតរថយន្តថ្មី ដែលឧបត្ថម្ភដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី។

ជាមួយគ្នានោះដែរ ឯកឧត្តម ម៉ៅ ធនិន ក៏បានបញ្ជាក់ដែរថា នឹងរៀបចំទីតាំងសម្រាប់ សាងសង់លំនៅឋានថ្មី ជូនប្រជានេសាទចំនួន ១៣គ្រួសារ ដែលរស់នៅលើខ្នងប្រឡាយផ្ចូវទឹកទៅកាន់សហគមន៍ត្រពាំងរពៅ ហើយយកប្រឡាយនោះ ធ្វើជាកន្លែងសម្រាប់ទេសចរ ជិះទូកលេងកម្សាន្ត និងធ្វើដំណើរចូលមក សហគមន៍តាមផ្លូវទឹក ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជានេសាទ អាជីវករ ត្រូវរួមសហការគ្នា  ថែរក្សាអនាម័យបរិស្ថាន ចេះស្រឡាញ់គ្នា ពិសេសរួមគ្នាអភិរក្ស ថែរក្សាធនធានធម្មជាតិឱ្យបានល្អប្រសើរ៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *