ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្តែងក្តីបារម្ភ បើទោះបីគ្រោះថ្នាក់ចរាចរណ៍ រយៈពេល ១១ខែ ដើមឆ្នាំ២០២៤ នេះ មានការថយចុះក្តី

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជា អធិបតីនៃទិវាអន្តរជាតិរំលឹក ដល់ជនរងគ្រោះដោយ គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក លើកទី១៩ ប្រារពនៅទីរួមខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានកាត់បន្ថយ ចំនួន ៣៥៤លើក ស្មើនឹង ១២% និងកាត់បន្ថយចំនួនអ្នកស្លាប់ ២៧នាក់ ស្មើនឹង ២% កាត់បន្ថយចំនួនអ្នករបួស បានចំនួន ៥៨០នាក់ ស្មើនិង ១៤%។

ផ្អែកតាមលទ្ធផលនេះ ប្រមុខក្រសួងមហាផ្ទៃ បានសម្តែងការកោតសរសើរ ចំពោះការពលីកម្មសព្វ បែបយ៉ាងរបស់មន្រ្តី មានសមត្ថកិច្ចអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក គ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស ដែលបានបំពេញភារកិច្ច ដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់  ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ការរក្សាសណ្តាប់ ធ្នាប់ចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ ការកសាង ជួសជុល កែលំអស្ថានភាពផ្លូវថ្នល់ ការសង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ៗជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរ ពិសេសបានសង្គ្រោះ ជីវិតប្រជាពលរដ្ឋ ឱ្យរួចផុតពីការបាត់បង់ជីវិត និងរងរបួសដោយ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងពីបញ្ហានៃ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលបង្កនូវផលវិបាក ជាច្រើនដល់សង្គមជាតិ និងប្រជាពលរដ្ឋ និងបានបង្កផល ប៉ះពាល់ដល់ គោលនយោបាយ កាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល។

ឯកឧត្តម នៅតែបង្ហាញក្ដីបាម្ភថា គ្រោះថ្នាក់នេះនឹងបន្តអូស បន្លាយក្នុងរយៈពេលវែង អាចនឹងមានកំណើន ខ្ពស់បន្ថែមទៀត ប្រសិនបើកង្វះវិធាន ការទប់ស្កាត់ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងកង្វះការចូលរួម គោរពអនុវត្តច្បាប់ពី សំណាក់អ្នកប្រើប្រាស់ ផ្លូវគ្រប់រូប។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានផ្តល់អនុសាសន៍ ណែនាំដល់អនុគណៈ កម្មការសុវត្ថិភាព ចរាចរណ៍ផ្លូវ គោករាជធានី-ខេត្ត ត្រូវបង្កើនវិធានការរឹត បន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមទិសដៅការងារ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងស្មើភាព សំដៅកាត់បន្ថយថែមទៀត នូវចំនួនហេតុការណ៍គ្រោះថ្នាក់ ចំនួនជនរងគ្រោះ និងបទល្មើសចរាចរណ៍ ឱ្យបានជាអតិបរមា និងត្រូវខិតខំអនុវត្តឱ្យបាន ជោគជ័យនូវគោល នយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យបង្កើន ការផ្សព្វផ្សាយអប់រំច្បាប់ និងបទដ្ឋានសុវត្ថិភាព ចរាចរណ៍ផ្លូវគោកតាមគ្រប់រូបភាព ឱ្យបានទូលំទូលាយ ដល់គ្រប់មូលដ្ឋាន ដើម្បីឱ្យមានការជ្រួត ជ្រាបដល់គ្រប់វេទិកា គ្រប់សាលារៀន និងគ្រប់គ្រួសារ ត្រូវបង្កើនការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក តាមបទដ្ឋានគតិយុត្ត និងគោលការណ៍ដែលក្រសួង បានដាក់ចេញ ត្រូវចាត់វិធានការ ឱ្យបានតឹងរឹងបំផុតចំពោះបទល្មើស ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយបើករត់គេចវេស ពីការដោះស្រាយតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *