ជិតមួយឆ្នាំមកនេះ ឃុំ សង្កាត់អ្នកបានធ្វើអ្វីខ្លះ? ស្វែងយល់ពីមូលនិធិ និងចំណូលរបស់ឃុំ សង្កាត់!

(ភ្នំពេញ)៖ មូលនិធិឃុំ សង្កាត់គឺជាកញ្ចប់ថវិកា មួយដែលរាជរដ្ឋាភិបាលក ម្ពុជាត្រូវផ្ទេរទៅឱ្យ ឃុំ សង្កាត់។ មូលនិធិនេះរួមមាន ចំណូលពីចំណែកជាក់លាក់ នៃចំណូលចរន្តថវិការដ្ឋប្រចាំឆ្នាំ និងពីការចូលរួមរបស់ ដៃគូអភិវឌ្ឍន៍នានា។ មូលនិធិនេះមានពីរផ្នែកសំខាន់ៗ គឺផ្នែករដ្ឋបាលទូទៅ និងផ្នែកអភិវឌ្ឍន៍មូលដ្ឋាន។ ប្រភពចំណូលរបស់ឃុំ សង្កាត់សំខាន់ៗមាន៣ រួមមាន ១.ចំណូលផ្ទាល់ ២.ចំណូលពីថ្នាក់ជាតិ និង៣.ចំណូលពីការអនុវត្តមុខងារជាភ្នាក់ងារ។ នេះបើយោងតាមសៀវភៅ ណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។

ផ្អែកតាមច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោក បណ្ឌិត ទូច សុឃៈ  ពន្យល់ថា ច្បាប់បានផ្តល់សិទ្ធិឱ្យ ឃុំ សង្កាត់មានសិទ្ធិក្នុងការប្រមូលចំណូលផ្ទាល់ដែលបានមកពីចំណូលសារពើពន្ធ និងចំណូលមិនមែន សារពើរពន្ធនៅក្នុងមូលដ្ឋាន។ ប្រភេទ កម្រិត និងរបៀបនៃការ ប្រមូលចំណូលផ្ទាល់ នេះត្រូវបានកំណត់ ក្នុងច្បាប់ដោយឡែក ប៉ុន្តែច្បាប់នោះនៅពុំទាន់ ចេញជារូបរៀងនៅឡើយទេ។

ចំពោះចំណូលពីថ្នាក់ជាតិ លោកបណ្ឌិត ទូច សុឃៈ  បន្ថែមទៀតថា បច្ចុប្បន្នរដ្ឋបាលឃុំ សង្កាត់ទទួលបាន ចំណូលពីថ្នាក់ជាតិ តាមរយៈមូលនិធិឃុំ សង្កាត់និងថវិកាបន្ថែម ពីថ្នាក់ជាតិសម្រាប់ ចំណាយអភិវឌ្ឍន៍មូលដ្ឋាន។ រីឯចំណូលពីការអនុវត្តមុខងារជាភ្នាក់ងារ គឺជាចំណូលដែល បានមកពីការបំពេញ ភារកិច្ចដោយឃុំ  សង្កាត់ជំនួសមុខឱ្យក្រសួង ស្ថាប័នឬអង្គភាពនានា របស់រដ្ឋទៅតាមការព្រមព្រៀងគ្នា។

យោងតាមឧបសម្ព័ន្ធ តារាងវិភាជន៍មូលនិធិឃុំ សង្កាត់ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ឃុំ សង្កាត់ទូទាំងរាជធានី ខេត្ត ទទួលវិភាជន៍មូលនិធិឃុំ សង្កាត់សរុប ៨៩៤.៧៥៥ លានរៀល ក្នុងនោះ ផ្នែករដ្ឋបាលទទួលបានសរុបចំនួន ៤៧៩.៤០២លានរៀល ផ្នែកចំណាយមិន បានគ្រោងទុកចំនួន ២៥.០២១ លានរៀល ផ្នែកសេវាសង្គមនិងអនាម័យ បរិស្ថាន ចំនួន ៦៥.០៥៥ លានរៀល និងផ្នែកអភិវឌ្ឍន៍មានចំនួន ៣២៥.២៧៧លានរៀល ។

ជាឧទាហរណ៍ជាក់ស្ដែង ក្នុងឆ្នាំ២០២៤ សង្កាត់អូម៉ាល់ ក្រុងបាត់ដំបង ទទួលវិភាជន៍មូលនិធិឃុំ សង្កាត់សរុបចំនួន ៦០៣លានរៀល  ផ្នែករដ្ឋបាលទទួលបានសរុបចំនួន ៣៣៩លានរៀល ផ្នែកចំណាយមិនបានគ្រោងទុកចំនួន ១៨ លានរៀល ផ្នែកសេវាសង្គមនិងអនាម័យ បរិស្ថាន ចំនួន៤០ លានរៀល និងផ្នែកអភិវឌ្ឍន៍មានចំនួន ២០៦លានរៀល។

ដោយឡែកក្នុងស្រុកកែវសីមា ឃុំស្រែឈូក  ទទួលវិភាជន៍មូលនិធិឃុំ សង្កាត់សរុបចំនួន៤៧០លានរៀល  ក្នុងនោះផ្នែករដ្ឋបាល ទទួលបានសរុបចំនួន ២១៣លានរៀល ផ្នែកចំណាយមិនបាន គ្រោងទុកចំនួន ១១ លានរៀល ផ្នែកសេវាសង្គមនិងអនាម័យ បរិស្ថាន ចំនួន ៤៧លានរៀល និងផ្នែកអភិវឌ្ឍន៍មានចំនួន ១៩៩លានរៀល។

(ចង់ដឹងព័ត៌មានពីមូលនិធិឃុំ សង្កាត់បន្ថែម សូមអាននៅក្នុង ឧបសម្ព័ន្ធភ្ជាប់តាមលេខ ៧៥៣៧ សហវ.ល.ស.អហក ថ្ងៃទី២៥ ខែកកដ្កា ឆ្នាំ២០២៣)៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *