(ភ្នំពេញ)៖ យោងតាមមាត្រា១១៥ ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដើម្បីអនុវត្តបុគ្គល ដែលអាចស្នើសុំលិខិត បញ្ជាក់ទីលំនៅបានរួមមាន ក.សាមីខ្លួននៃលិខិតបញ្ជាក់ ទីលំនៅ ខ.អ្នកតំណាងរបស់សាមី ខ្លួននៃលិខិតបញ្ជាក់ទីលំនៅ គ.អ្នកតំណាងដែលច្បាប់បានកំណត់ ឬអ្នកតំណាង ដោយអាណត្តិរបស់បុគ្គលដូចមានចែងនៅក្នុងចំណុច ក និង ខ និងឃ.បុគ្គលផ្សេងទៀតដែលត្រូវបានចាត់ទុកថាមានប្រយោជន៍ស្របច្បាប់ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ នេះបើតាមការស្រង់មកបញ្ជាក់ ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។
ផ្អែកតាមច្បាប់ដដែល អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបាន ឱ្យដឹងថា មន្រ្តីចុះបញ្ជីស្នាក់នៅ ក៏អាចបដិសេធការស្នើសុំលិខិតបញ្ជាក់ទីលំនៅបានដែរ ដោយត្រូវផ្ដល់មូលហេតុចំពោះការបដិសេធនោះជាលាយលក្ខណ៍អក្សរ។ ការបដិសេធនេះអាចត្រូវបានប្ដឹងមិនសុខចិត្ត ដូចមានចែងក្នុងផ្នែកទី៧ (ការប្ដឹងមិនសុខចិត្ត) នៃច្បាប់ដដែល។
យោងតាមផ្នែកទី៧ បុគ្គលដែលបានស្នើសុំ ទៅមន្ត្រីចុះបញ្ជីស្នាក់ នៅដើម្បីចុះបញ្ជីស្នាក់នៅ ឬកែតម្រូវបញ្ជី ស្នាក់នៅ ឬសំណើផ្សេងៗទៀត ដែលត្រូវបានអនុញ្ញាត អាចប្តឹងមិនសុខចិត្តនឹង ការចាត់ចែង រួមទាំងសេចក្តីសម្រេច ឬការយឺតយ៉ាវ ឬការធ្វេសប្រហែស ក្នុងការចាត់ចែងបាន។ បែបបទនិងនីតិវិធីនៃការ ប្តឹងមិនសុខចិត្ត ត្រូវកំណត់ដោយប្រកាស របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយបញ្ញត្តិនេះមិនរារាំង ការប្តឹងទៅតុលាការ ដោយផ្ទាល់ឡើយ។
លោកបណ្ឌិត ទូច សុឃៈ បានពន្យល់ទៀតថា ចំពោះសាមីខ្លួន ដែលមានបំណងស្នើ សុំធ្វើលិខិតបញ្ជាក់ទី លំនៅដើម្បីយកទៅប្រើប្រាស់ ត្រូវធ្វើដំណើរទៅកាន់ប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅក្នុងពេល បច្ចុប្បន្ន។
សាមីខ្លួនត្រូវភ្ជាប់ជាមួយនូវឯកសារ ដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ បើសិនជាមិនមានឯកសារទាំងអស់នេះទេ សាមីខ្លួនអាចភ្ជាប់មកជា មួយនូវកិច្ចសន្យាផ្សេងៗ ដែល ទទួលស្គាល់ដោយមេភូមិ មេឃុំ ឬចៅសង្កាត់ក្នុងមូលដ្ឋានបច្ចុប្បន្ន។
ក្នុងករណីផ្លាស់ប្តូរទីលំនៅ សាមីខ្លួនអាចភ្ជាប់ឯកសារ ផ្លាស់ចេញពីប៉ុស្ដិ៍រដ្ឋបាលឃុំ សង្កាត់នៅមូលដ្ឋានចាស់ ប្រគល់ជូនមន្ត្រីឃុំសង្កាត់ថ្មី ព្រមទាំងភ្ជាប់មកជាមួយនូវរូបថតទំហំ ៤×៦ ចំនួនកំណត់ទៅ តាមការស្នើសុំ។ សេវានេះយូរបំផុត៣ថ្ងៃ ហើយភាគច្រើនពលរដ្ឋ អាចទទួលបានភ្លាមៗ លឿនជាងច្បាប់កំណត់៕