សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យតាមដានមតិពលរដ្ឋ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងចាត់វិធានការ ចំពោះការផ្សាយបំភ្លៃ ទាំងឡាយរបស់ព័ត៌មានអនឡាញ….

(ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធាន គណបក្សប្រជាជនកម្ពុជា បានណែនាំដល់គណៈ ចលនាមហាជនរបស់បក្ស ត្រូវតាមដាន និងវាយតម្លៃឱ្យបានជាប់លាប់ លើមតិរបស់ប្រជាពលរដ្ឋ លើការដឹកនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជារបស់បក្សទាំង លើបណ្តាញសង្គម និងនៅតាមមូលដ្ឋានផ្ទាល់។ បើតាមសម្តេចតេជោ ការតាមដានវាយតម្លៃលើមតិប្រជាពលរដ្ឋ ដើម្បីគ្រប់គ្រងចំពោះ សភាពការណ៍ជាតិ និងអន្តរជាតិ ដែលកំពុងវិវឌ្ឍន៍កាន់តែស្មុគស្មាញ។

ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហា ជនគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិមាន៧មករា។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញដល់គណៈ ចលនាមហាជនរបស់ បក្សជំរុញសកម្មភាពបណ្តុះស្មារតី សាមគ្គីភាពសង្គម និង យុទ្ធនាការបណ្តុះគំនិត វិជ្ជមានដល់ប្រជាជន ដើម្បីបង្កើនភាពកក់ក្ដៅរវាងមន្ត្រីបក្ស និងប្រជាជន ដោយត្រូវជំរុញការផ្សារភ្ជាប់ ទំនាក់ទំនងរវាងប្រជាជន និងក្រសួង ស្ថាប័ន អង្គភាពរដ្ឋ នៅគ្រប់កម្រិតពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យគណៈ ចលនាមហាជនរបស់បក្ស ពង្រឹងការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ទាំងតាមបែបប្រពៃណី និងបែបឌីជីថល ដើម្បីឆ្លើយតបនឹង ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។

សម្តេចតេជោប្រមុខបក្សកាន់អំណាច ក៏បានជំរុញឱ្យយកចិត្តទុកដាក់ គ្រប់គ្រងការផ្សាយរបស់ ប្រព័ន្ធអនឡាញ  ជាពិសេសការផ្សព្វផ្សាយ ព័ត៌មានបំភ្លៃការពិត និងខ្វះសីលធម៌។ សម្តេចតេជោ បានណែនាំឱ្យចាត់វិធាន ការជាបន្ទាន់ ចំពោះការផ្សព្វផ្សាយបំភ្លៃ និងខ្វះសីលធម៌ទាំងឡាយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *