(ក្រចេះ)៖ គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤នេះ គម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៧,០២% ខណៈដែលគម្រោង ទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ស្ពានមធ្យម ២កន្លែង, ស្ពានខ្លី ១កន្លែង និងផ្លូវតភ្ជាប់មានចំណុច ចាប់ផ្តើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B សម្រេចលទ្ធផល ៥៣,១៤%។
បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឲ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។
គម្រោងនេះជាផ្នែក នៃផ្លូវជាតិដ៏សំខាន់មួយ ភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជា ប្រព័ន្ធដឹកជញ្ជូន ដ៏សំខាន់រវាងផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងចន្លោះផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៣។
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ ដោយក្នុងនោះត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១ ៧៦១ម៉ែត្រ មានមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែង៤ខ្សែក្នុង ក្រុងក្រចេះប្រវែង១៦,២០៨គីឡូម៉ែត្រ៕