(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នេះ ជាខួប៦៩ឆ្នាំហើយ ដែលកម្ពុជាបានចូល ជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៤) ។ អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN) គឺជាអង្គការអន្តរជាតិ ដែលធំជាងគេបំផុត ក្នុងពិភពលោក ត្រូវបានបង្កើតឡើង តាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោក លើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។
គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការ អន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។
កម្ពុជាបានចូលរួមយ៉ាងសកម្ម នៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជារបស់យើងបាន បញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជា ច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រី ទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៉ីរី សាយប្រឹស ម៉ាលី។ល។ កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ ជាប្រទេសនាំមុខគេដែល ផ្តល់ឱកាសឲ្យនារីកង ទ័ពមួកខៀវទៅចូលរួមបេសកកម្ម ជាលក្ខណៈអន្តរជាតិក្នុងក្រប ខណ្ឌអង្គការសហប្រជាជាតិ៕