ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសស្រីតូចៗពីរនាក់ ដោយក្មេងប្រុសអាយុ៤ឆ្នាំ និងក្មេងស្រីអាយុ២ឆ្នាំ បានបាត់ខ្លួន ខណៈសុំម្តាយចេញទៅលេងគំនរដីខ្សាច់ ហើយឪពុកម្តាយ និងសាច់ញាតិបើកគោយន្តដើររកមិនទាន់ឃើញនៅឡើយទេ រហូតមកដល់វេលាម៉ោង១១យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នៅក្រុងប៉ោយប៉ែត ។
ក្មេងដែលបាត់ខ្លួនទាំង២នាក់នាក់ខាងលើ ម្នាក់ឈ្មោះ តយ រ៉ាឌុច ហៅឌុច ភេទប្រុស អាយុ៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ រុន មេសា ភេទស្រី អាយុ២ឆ្នាំ ស្នាក់នៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
តាមប្រភពពីឪពុកម្តាយបានឱ្យដឹងថា កូនប្រុសស្រី២នាក់បានបាត់ខ្លួននៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិ-សង្កាត់ខាងលើ ។ នៅមុនពេលកើតហេតុ ក្មេងប្រុសម្នាក់ត្រូវជាកូនប្អូនស្រីរបស់ពួកគាត់ បានយកមកផ្ញើជាមួយ ហើយហើយក្មេងប្រុសនោះសុំនាំប្អូនស្រីដែលជាកូនរបស់គាត់ទៅលេងមុខគំនរដីខ្សាច់ នៅពេលគាត់កំពុងដាំបាយធ្វើម្ហូបពេលព្រឹក។
ស្ត្រីជាម្តាយបញ្ជាក់ថា ក្រោយពីដាំបាយធ្វើម្ហូបហើយបានរយៈពេល១៥នាទី គាត់បានចេញមកមើលកូនស្រីនិងក្មួយប្រុសមិនឃើញ ទើបឆោឡោប្រាប់សាច់ញាតិនាំគ្នាដើររកក៏បានទៅប្តឹងនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតជួយអន្តរាគមន៍រកក្មេងដែលបាត់ ហើយការស្វែងរកធ្វើឡើង ដោយសាច់ញាតិនិងអ្នកជិតខាងជិះគោយន្តដើររកមិនទាន់ឃើញនៅឡើយ។
ស្ត្រីជាម្តាយបានបញ្ជាក់ថា ក្រោយពេលបាត់ខ្លួនក្មេងៗទាំង២នាក់ខាងលើនេះ ពេលមើលតាមកាំមេរ៉ាសុវត្ថិភាពឃើញក្មេងទាំងពីរដើរដឹកដៃគ្នាតាមផ្លូវមុខសណ្ឋាគារ ឆាយ ហេង ហើយក្មេងដែលបាត់២នាក់ខាងលើនោះ ម្នាក់ឈ្មោះ តយ រ៉ាឌុច ហៅឌុចប្រុសអាយុ៤ឆ្នាំ ជាកូនទី២ ដែលមានម្តាយឈ្មោះ ចំ រើន អាយុ២៩ឆ្នាំមានប្តីធ្វើការកម្មករសំណង់នៅប្រទេសថៃ និងម្នាក់ទៀតឈ្មោះ រុន មេសា ភេទស្រី អាយុ២ឆ្នាំ ម្តាយនៅផ្ទៈមើលកូន ចំណែកប្តីធ្វើសន្តិសុខ ហើយកូនបានបាត់រហូតពេលនេះមិនទាន់រកឃើញនៅឡើយទេ ៕