ប្រជាពលរដ្ឋត្រូវយល់ដឹង៖ «បើសៀវភៅគ្រួសារ បាត់ ទក់ រហែក ទទឹកអាចធ្វើថ្មីបានទេ»?

(ភ្នំពេញ)៖ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋខ្មែរ សៀវភៅគ្រួសារត្រូវបាន កំណត់ថាជាសៀវភៅ សម្រាប់បញ្ជាក់ពីចំណងញាតិ ដែលមានសញ្ជាតិខ្មែរ រួមមានសហព័ទ្ធ (ប្តីឬប្រព័ន្ធ) កូនបង្កើត ឬកូនស្មុំ។ សៀវភៅនេះពុំអាច ត្រូវបានប្រើប្រាស់ធ្វើ ជាឯកសារសម្រាប់ អះអាងឬបញ្ជាក់ពី ភាពជាកម្មសិទ្ធិលើលំ នៅឋានបានឡើយ។

ជាទូទៅពលរដ្ឋ តែងបានលើកសំណួរថា «បើសៀវភៅគ្រួសារ បាត់ ទក់ រហែក ទទឹកអាចធ្វើថ្មីបានទេ»?តបនឹងសំណួរនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ករណីសៀវភៅគ្រួសារទក់ រហែក ឬទទឹកខូច គឺប្រជាពលរដ្ឋជាមេគ្រួសារអាចស្នើសុំធ្វើថ្មីបាន ដែលការធ្វើថ្មីនេះ ត្រូវកំណត់ថា ការចេញសៀវភៅគ្រួសារ ទុតិយតា ឬជាលើកទី២ ក្នុងនោះមេគ្រួសារ ត្រូវទៅដាក់ពាក្យស្នើសុំធ្វើឡើងវិញ នៅប៉ុស្តិ៍នគរបាលឃុំ សង្កាត់ដោយភ្ជាប់ជាមួយនូវឯកសារដូចខាងក្រោម។

ករណីបាត់៖ មេគ្រួសារត្រូវមានពាក្យ បណ្តឹងអំពីមូលហេតុច្បាស់លាស់ ដោយបញ្ជាក់ពីនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅកន្លែងដែលបានបាត់នោះ។

ករណីខូចគុណភាព ពោលគឺ ទក់ រហែក ទទឹក…ជាដើម មេគ្រួសារត្រូវមានសៀវភៅគ្រួសារ សំណៅដើមនោះ ដើម្បីមកស្នើសុំថ្មី។ បន្ទាប់ពីទទួលបានពាក្យស្នើសុំ និងមានឯកសារភ្ជាប់ ត្រឹមត្រូវហើយនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលត្រូវចម្លង សៀវភៅគ្រួសារថ្មីចេញ ពីបញ្ជីគ្រួសារចាស់ រួចហើយចុះហត្ថលេខា លើសំណុំឯកសារ ហើយបញ្ជូនទៅ អធិការនគរបាល ក្រុង ស្រុក ខណ្ឌ ដើម្បីពិនិត្យសម្រេច និងចុះហត្ថលេខាផ្តល់ទុតិយតា ឬផ្ដល់ជាលើកទី២ នូវសៀវភៅគ្រួសារនោះ រួចបញ្ជូនមកប៉ុស្តិ៍ នគរបាលរដ្ឋបាលដើម្បី ប្រគល់ជូនប្រជាពលរដ្ឋ ជាការស្រេច។

គួរបញ្ជាក់ថា រយៈពេលនៃការផ្តល់ជូន សម្រាប់សៀវភៅគ្រួសារ មិនគិតប្រាក់នោះទេ និងមិនលើសពី១៥ថ្ងៃឡើយ ក្នុងករណីមានឯកសារ ភ្ជាប់គ្រប់គ្រាន់ និងត្រឹមត្រូវ។ នេះបើយោងតាម សេចក្តីណែនាំលេខ០០១សណន  ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ស្តីពីបែបបទនីតិវិធីនៃ ការងារចុះបញ្ជី  និងគ្រប់គ្រងការស្នាក់នៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *