(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នេះ កាលពី ៦៣ ឆ្នាំមុនកម្ពុជាបានឈ្នះក្តីលើថៃនៅ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡា អេប្រទេសហូឡង់ ទាក់ទងការទន្រ្ទាន ប្រាសាទព្រះវិហាររបស់កម្ពុជា។
ការឈ្នះក្តីបានធ្វើឡើងបន្ទាប់ពី ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចនរោត្តម សីហនុ បានសម្រេចព្រះទ័យ ដាក់ពាក្យបណ្តឹងប្រឆាំងនឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡេអេកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩ ដើម្បីស្នើសុំឱ្យតុលាការ ប្រគល់អធិបតេយ្យដែន ដីលើ ប្រាសាទព្រះវិហារ មកឱ្យកម្ពុជា និងទាមទារឱ្យ ថៃដកកងកម្លាំងប្រដាប់អាវុធទាំងអស់ ចេញពីប្រាសាទព្រះវិហារក្រោយ ប្រើពេលតវ៉ាតាមរយៈការទូតជាមួយថៃបានបរាជ័យ។ ការដាក់ពាក្យបណ្តឹងនេះបានធ្វើឡើង បន្ទាប់ពីភាគីថៃបានបញ្ជូនកងកម្លាំងប្រដាប់អាវុធ ចូលមកកាន់កាប់ប្រាសាទព្រះវិហារ ឆ្លៀតឱកាសពេលបារាំង បានចាកចេញពីកម្ពុជា ហើយប្រគល់ឯករាជ្យ មកអោយកម្ពុជា។
បន្ទាប់ពីបានដាក់ពាក្យ បណ្តឹងប្រឆាំងថៃហើយ កម្ពុជាបានជួលមេធាវី បរទេសចំនួន៣រូបគឺជនជាតិ អាមេរិកមួយរូបនិងបារាំងពីររូប ដែល មានលោក អាក ចនសុន ជាអតីតរដ្ឋមន្ត្រី ខាងក្រសួងការបរទេស អាមេរិកាំង លោកសាស្ត្រាចារ្យ រ៉ឺទែរ និង លោកសាស្ត្រាចារ្យ ពិនតូ ដែលអ្នកទាំងពីរជាសាស្ត្រាចារ្យ ល្បីឈ្មោះផ្នែកច្បាប់ ជាតិនិងអន្តរជាតិ ប្រចាំនៅក្រុងប៉ារីស ប្រទេសបារាំង។ អស់រយៈពេលជិត៣ឆ្នាំ ហើយនៅទីបញ្ចប់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការអន្តរជាតិក្រុងឡាអេ បានសម្រេចបើកសវនាការ។
សម្រាប់កម្ពុជាមានភស្តុតាង៖ ទី១ គឺផែនទីឧបសម្ព័ន្ធ១ (ផែនទីដងរែក) ជាផែនទីដែលរៀបចំឡើងដោយ គណៈកម្មការកំណត់ព្រំដែន រវាងឥណ្ឌូចិននិងសៀម ខ្នាត១លើហាសិបពាន់ (Annex I Мар)។ នៅលើផែនទីនេះ ទីតាំងប្រាសាទព្រះវិហារ ត្រូវ បានកំណត់ដោយសញ្ញាសម្គាល់យ៉ាងច្បាស់ដែលមានរាងជាប្លង់ តួប្រាសាទនិងជណ្តើរប្រាសាទ។ ចំណែកខ្សែបន្ទាត់ព្រំដែនត្រូវបាន គេគូសបង្ហាញយ៉ាងច្បាស់នៅខាងជើងប្រាសាទព្រះវិហារហើយ មិនត្រូវនឹងខ្សែបែងចែកផ្លូវទឹកទេ។
ទី២ គឺគោលការណ៍និរន្តភាពនៃរដ្ឋ មានន័យថា កម្ពុជាមានសិទ្ធិ គ្រប់គ្រងប្រទេសដោយខ្លួនឯង ក្រោយពេលបារាំង ផ្ទេរអំណាចឲ្យកម្ពុជាវិញ ហើយបារាំងលែងជា អាណាព្យាបាលកម្ពុជាទៀត។
ទី៣ គឺដោយសារគោលការណ៍ នៃការគោរពពាក្យសម្តី មានន័យថា ភាគីថៃធ្លាប់ចុះកិច្ចព្រមព្រៀងជាមួយបារាំង កាលពីឆ្នាំ១៩០៤ ក្នុងន័យគោរពបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ទី៤ គឺថា មានព្រះអង្គម្ចាស់ ថៃមួយព្រះអង្គ ព្រះនាម ដំរ៉ុង បានទៅធ្វើទស្សនកិច្ច ទត ប្រាសាទព្រះវិហារ កាលពីឆ្នាំ១៩៣០ ក្នុងនាមតំណាងឲ្យ រាជរដ្ឋាភិបាលថៃ ដែលគ្រានោះមានមន្ត្រីនៃអាណានិគម បារាំងជាអ្នកចេញមុខទទួលស្វាគមន៍ព្រះអង្គ ក្នុងនាមជា ម្ចាស់ផ្ទះជំនួសឲ្យខ្មែរ។ ក្រោយការជជែកនៅក្នុងសវនាការ បានអនុម័តដូចតទៅ៖ ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យ របស់កម្ពុជា ដែលសមាសភាពនៅ ក្នុងការសម្រេចក្តីអនុម័ត ដោយ៩សំឡេង ទល់នឹង៣។ ថៃត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្នាំផ្សេងទៀត ដែលឈរជើង នៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទ ក្នុងដែនដីរបស់កម្ពុជា ដែលអនុម័តដោយ ៩សំឡេងទល់នឹង៣។ ថៃត្រូវប្រគល់ត្រឡប់មកឱ្យកម្ពុជាវិញ នូវរាល់វត្ថុបុរាណដូចជា រូបចម្លាក់ សិលាចារឹក គ្រឿងចានឆ្នាំងធ្វើអំពីដី។ល។ ដែលថៃបាន យកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទ ក្នុងអំឡុងពេល ដែលថៃកាន់កាប់ប្រាសាទចាប់តាំងពីឆ្នាំ១៩៥៤ មកដែលអនុម័ត ដោយ៧សំឡេង ទល់នឹង៥។
នៅចុងបញ្ចប់តុលាការយុត្តិធម៌ អន្តរជាតិនៅទីក្រុងឡាអេ បានចេញសាលដីកាដូចតទៅ៖ ទី១៖ ស្នើឱ្យរាជាណាចក្រថៃ ដកកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដែលចូលមកកាន់កាប់ប្រាសាទព្រះវិហារ តាំងពី ឆ្នាំ១៩៥៤នោះ ចេញពីប្រាសាទព្រះវិហារ។ ទី២៖ ស្នើថា អធិបតេយ្យភាពដែនដី លើប្រាសាទព្រះវិហារ ជាកម្មសិទ្ធិរបស់រាជាណាចក្រកម្ពុជា។ បន្ទាប់ពីថៃបានដកកងទ័ពអស់ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចនរោត្តម សីហនុ ស្តេចបានយាងទៅ ទតហើយកាន់កាប់ប្រាសាទព្រះវិហាររហូតមក៕