(ភ្នំពេញ)៖ កម្ពុជា-ថៃ ឯកភាពគ្នាក្នុងការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក និងបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤ ដើម្បីបន្តដោះស្រាយបញ្ហា ព្រំដែនរវាងប្រទេសទាំងពីរ ដែលនៅសេសសល់។
ភាគីកម្ពុជា និងភាគីថៃបានរៀបចំកិច្ច ប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ លើកទី៦ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដើម្បីបន្តពិភាក្សា និងជំរុញ ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ។ មុនកិច្ចប្រជុំពេញអង្គ JBC គឺមាន កិច្ចប្រជុំចង្អៀតរវាងភាគីកម្ពុជា-ថៃ ដោយភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា និងឯកឧត្តម ប្រាសាស ប្រាសាសវិនិច្ឆ័យ ទីប្រឹក្សាក្រសួងការបរទេសថៃ និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ។
បន្ទាប់ពីកិច្ចប្រជុំចង្អៀត ភាគីទាំងពីរ បានបន្តពិភាក្សាក្នុង កិច្ចប្រជុំពេញអង្គនៃ គណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ដោយបានឯកភាព អនុម័តលើរបៀបវារៈចំនួន៤ ដូចជា
ទី១. ពិនិត្យ និងអនុម័តលើកំណត់ ហេតុកិច្ចប្រជុំលើកទី៤ របស់អនុគណៈកម្មការ បច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា
ទី២. ពិនិត្យ និងពិភាក្សាលើការកែសម្រួល TOR ឆ្នាំ២០០៣ ពាក់ព័ន្ធការផលិតផែនទី អ័រតូហ្វូតូ (ជំហាន២ ក្នុងចំណុច៤ នៃ TOR)
ទី៣. ពិភាក្សា និងអនុម័តលើការ បញ្ជូនក្រុមវាស់វែងចម្រុះ ចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅលើដីជាក់ស្តែង នៅចន្លោះទីតាំងពិតប្រាកដនៃ បង្គោលព្រំដែនដែលបានឯកភាពគ្នា (កំណាត់ខ្សែព្រំដែនដើរតាមផ្លូវទឹក និងកំណាត់ខ្សែត្រង់)
ទី៤. ពិភាក្សាលើសេចក្តីណែនាំ លើការវាស់វែងនៅ Sector 6 (ចំណុច IX នៃកិច្ចប្រជុំ លើកទី៤ និងកិច្ចប្រជុំពិសេសរបស់ JBC ឆ្នាំ២០០៩)។
នៅក្នុងកិច្ចប្រជុំ គណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុក និងជាប្រធានគណៈ កម្មការចម្រុះព្រំដែនកម្ពុជា បានជម្រាបជូនសមភាគីថៃថា ដើម្បីជាប្រយោជន៍ ធានាបាននូវដំណោះស្រាយលើ បញ្ហាព្រំដែនប្រកបដោយយុត្តិធម៌ មិនលម្អៀងនិងជាដំណោះ ស្រាយស្ថាពរសម្រាប់ប្រទេសទាំងពីរ។ ភាគីកម្ពុជាបានស្នើភាគី ថៃរួមជាមួយភាគីកម្ពុជា ក្នុងការនាំយកវិវាទ ព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICI) និងបានបញ្ជាក់សាជាថ្មីអំពីជំហររបស់កម្ពុជា ក្នុងការចាប់ផ្ដើមដំណើរការនីតិវិធី ច្បាប់ដោយឯករាជ្យម្ចាស់ការទោះ បីជាភាគីថៃបដិសេធសមត្ថកិច្ច របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)ក៏ដោយ។
លើសពីនេះទៀត ភាគីកម្ពុជាអះអាងបន្ថែម នៅចំពោះមុខភាគីថៃថា ចាប់ពីពេលនេះតទៅ តំបន់ទាំងបួននេះ លែងជាប្រធានបទ ឬកម្មវត្ថុនៃការពិភាក្សា និងដោះស្រាយនៅក្នុង ក្របខណ្ឌគណៈកម្មការ ចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ទៀតហើយ។ ជាមួយគា្ននេះ ឯកឧត្តម ឡាំ ជា បានបញ្ជាក់ថា ក្រៅពីតំបន់ទាំងបួនដែលស្ថិតក្នុងបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ភាគីកម្ពុជានៅតែប្រកាន់ជំហរ និងសុច្ឆន្ទៈក្នុងការបន្តសហការ ជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែន ដោយប្រើប្រាស់យន្តការ គណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ។
ឯកឧត្តម ឡាំ ជា ក៏បានបញ្ជាក់អំពីគោល នយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការប្រកាន់យក នូវសន្តិភាពនិយម និងចង់បានព្រំដែន មួយប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ល្អជាមួយភាគីថៃ ដោយផ្អែកលើមូលដ្ឋាន លិខិតបទដ្ឋានគតិយុត្ត និងផែនទីដែលបានឯកភាពគ្នា ដូចមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រើប្រាស់ផែនទីមាត្រដ្ឋាន១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញបារាំង-សៀមឆ្នាំ១៩០៧ ដើម្បីអនុវត្តការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន។
ក្នុងន័យនេះ ភាគីកម្ពុជាបានបដិសេធយ៉ាង ដាច់ខាតមិនទទួលស្គាល់ផែនទី ដែលភាគីថៃបានគូសជាឯកតោភាគី ហើយយកមកប្រើប្រាស់ជាសំអាង ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន និងទៅអនាគត។
កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាស មិត្តភាពយោគយល់គ្នា ក្នុងស្មារតីពិភាក្សា គ្នាបើកចំហទៅវិញទៅមក និងប្រកបដោយភាពវិជ្ជមាន។ កិច្ចប្រជុំនេះបានបញ្ចប់ ការពិភាក្សាទាំងស្រុងលើរបៀបវារៈដែលបានឯកភាពគ្នា និងបានចុះហត្ថលេខាលើកំណត់ហេតុជាផ្លូវការ នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥។ ភាគីទាំងពីរឯកភាពគ្នាគ្រោង ជួបប្រជុំគ្នាសាជាថ្មីនៅខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ៕