(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះបង្ក្រាបទីតាំងក្លឹបកំសាន្ត មួយកន្លែងយីហោ ស្តា ស៉ីធី ព្រមទាំងឃាត់ខ្លួនខ្មែរនិងជនបរទេស មានទាំងភ្ញៀវនិងអ្នកបម្រើ សរុបប្រមាណជាង១០០នាក់ កាលពីយប់រំលងអាទ្រាធ ឈានចូលថ្ងៃទី៣០ ខែតុលាឆ្នាំ២០២៤ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការចុះប្រតិបត្តិការខាងលើ គេឃើញមានវត្តមាន លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និងលោកវរៈសេនីយ៍ទោ កែវ ដូល អធិការរងទទួល ផ្នែកប្រឆាំងគ្រឿងញៀន ក្រុងប៉ោយប៉ែត មានកម្លាំងអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត និងប៉ុស្តិ៍នគរបាល សង្កាត់អូរជ្រៅជាច្រើននាក់។
ប្រតិត្តិការបង្ក្រាបក្លឹបកំសាន្ត ស្តា ស៊ីធី ក្រុងប៉ោយប៉ែត នៅម៉ោងយប់រំលោងអាទ្រាធ កម្លាំងនគរបាល ឃាត់ខ្លួនភ្ញៀវដែលទៅកំសាន្ត និងអ្នកបម្រើក្នុងក្លឹបកំសាន្ត ស្តា ស៊ីធី មានប្រមាណជាង១០០នាក់ មានប្រុស/ស្រី ក្រោយឃាត់ខ្លួន នៅយប់រំលងអាទ្រាធ កម្លាំងនគរបាល បានការពារមិនអោយ ភ្ញៀវនិងអ្នកបម្រើការងារ ក្នុងក្លឹបកំសាន្ត គេចវេសទៅណា លុះព្រឹកឡើងត្រូវបាន កម្លាំងអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត យករថយន្ត១៦កៅអី របស់សាលាក្រុងប៉ោយប៉ែត ដឹកជញ្ជូនទៅទុកនៅ ទីបញ្ជាការដ្ឋាន នគរបាលវរៈការពារ ព្រំដែនគោកលេខ៨៩១។
លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំង គ្រឿងញៀនក្រុងប៉ោយប៉ែត បានប្រាប់អោយដឹងថា ការចុះប្រតិបត្តិការ បង្ក្រាបក្លឹបកំសាន្តយីហោ ស្តា ស៊ីធី ក្រុងប៉ោយប៉ែត កម្លាំងបានឃាត់ខ្លួនភ្ញៀវ ដែលទៅលេងកំសាន្ត និងអ្នកបម្រើការងារ ក្នុងក្លឹបកាលពីយប់រំលងអាទ្រាធ ហើយកម្លាំងបានការពារ រហូតដល់ព្រឹកទើបដឹក ជញ្ជូនចេញដាក់នៅ ទីបញ្ជាការដ្ឋាន នគរបាលវរៈការពារ ព្រំដែនគោកលេខ៨៩១ និងរងចាំបទបញ្ជាថ្នាក់ លើដើម្បីធ្វើតេស្តរក សារធាតុញៀនបើសិន ជាមានប្រើប្រាស់គ្រឿងញៀន និងអនុវត្តតាមផ្លូវច្បាប់ អ្នកមិនប្រើប្រាស់គ្រឿងញៀន ត្រូវដោះលេងអោយ ត្រឡប់ទៅវិញ។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលការងារ ប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តបន្ទាយមានជ័យ បានប្រាប់អោយដឹងថា៖ ការចុះប្រតិបត្តិការបង្ក្រាប ក្លឹបកំសាន្តយីហោ ស្តា ស៊ីធី នៅក្រុងប៉ោយប៉ែត បានដឹកនាំដោយ លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាល ក្រុងប៉ោយប៉ែតដែល កម្លាំងអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែតនិង ប៉ុស្តិ៍នគរបាលសង្កាត់អូរជ្រៅ ដែលបានឃាត់ខ្លួនខ្មែរ និងជនបរទេសជាច្រើននាក់ ក្នុងក្លឹបកំសាន្តស្តាស៊ីធី ពេលនេះកម្លាំងជំនាញ កំពុងធ្វើការងារលទ្ធផល យ៉ាងណានោះនិងប្រាប់ ពេលក្រោយ៕ ដោយលោកអេង គឹមអាន