កិច្ចប្រជុំផ្សព្វផ្សាយផែនការ យុទ្ធសាស្រ្តស្តីពីការអនុវត្តគោល នយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ និងបូកសរុបលទ្ធផលការងារ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ៩ខែ ឆ្នាំ២០២៤

(ខេត្តកែប)៖ កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤- ២០២៨  និងបូកសរុបលទ្ធផលការងារ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ៩ខែ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម ឌី សុផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម  បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងមានការអញ្ជើញចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត កងម្លាំងទាំងបីប្រភេទ អភិបាលក្រុង/ស្រុក លោក/លោកស្រីប្រធានមន្ទីរជុំវិញខេត្ត និងអាជ្ញធរពាក់ព័ន្ធផងដែរ។

តាមរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានអោយដឹងថា លទ្ធផលនៃការចាត់តាំង អនុវត្តគោលនយោបាយ “ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដែលរដ្ឋបាលខេត្តសម្រេចបាន លទ្ធផលល្អប្រសើរក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៤ នេះ ដោយបានទទួលការគាំទ្រ និងសហការពីមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាក់ បានចូលរួមអនុវត្តតួនាទី ភារកិច្ច ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ មានផែនការសកម្មភាពការងារច្បាស់លាស់  និងគ្រប់គ្រងកម្លាំងបានត្រឹមត្រូវ ដើម្បី អន្តរាគមន៍ និងដោះស្រាយបញ្ហាផ្សេងៗ បានទាន់ហេតុការណ៍ និងទាន់ពេលវេលាតាម ការព័ត៌មាន ឬបណ្តឹង របស់បងប្អូនប្រជាពលរដ្ឋ ។

ឯកឧត្តមបន្ដថា កន្លងមកគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានគ្រប់គ្រងមុខសញ្ញាជនល្មើស ឬជនសង្ស័យបានច្បាស់លាស់  មន្រ្តីប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ប្រចាំការ ២៤លើ២៤ម៉ោង ដោយមានស្នាក់ការ និងមធ្យោបាយសម្រាប់ប្រជាពលរដ្ឋទំនាក់ទំនង និងបំរើសេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ក្នុងនោះដែរ ឯកឧត្តមក៏បានបញ្ជាក់ថា ករណីការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ អំពើហឹង្សាក្នុងគ្រួសារ និងសកម្មភាពក្មេងទំនើងពុំមានកើតឡើងឡើយ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឌី សុផាន រដ្ឋលេខាធិការក្រសួង មហាផ្ទៃបានកើតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំង-ប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត ដែលបានខិតខំប្រឹងប្រែង រួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទី- ភារកិច្ច ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវ សមិទ្ធផលក្នុងការធានា ថែរក្សាសុខ-សន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការលើកកម្ពស់លទិ្ធប្រជាធិបតេយ្យ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងដឹកនាំនាវា កម្ពុជាឆ្ពោះទៅរកវិបុលភាព ការអភិវឌ្ឍរីកចម្រើន ប្រកបដោយចីរភាព និងបរិយាប័ន្ន។

ដើម្បីរក្សាអោយបាននូវភូមិ ឃុំ សង្កាត់មានសុវត្តិភាព ឯកឧត្តម បានជម្រុញអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ បន្តអនុវត្តនូវលក្ខនៈសម្បត្តិទាំង ៧ចំណុច នៃចលនាភូមិឃុំសង្កាតមានសុវត្ថិភាព ដូចជា ការផ្តល់សេវាសាធារណៈ , គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់, រក្សាសណ្តាប់ធ្នាប់សាធារណៈល្អ គ្មានគ្រោះថ្នាក់ចរាចរណ៍, គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រី្ត និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង, ការដោះស្រាយវិវាទនៅ មូលដ្ឋានក្រៅប្រព័ន្ធ តុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

សូមជម្រាបថា បន្ទាប់ពីចប់កិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប  បានអញ្ជើញចុះត្រួតពិនិត្យ នូវស្ថានភាពទឹកភ្លៀង នៅតាមដងផ្លូវ និងទីតាំងសំខាន់ៗមួយចំនួន ក្នុងនោះឯកឧត្តមបណ្ឌិត បានណែនាំដល់មន្ទីរជំនាញ និងអាជ្ញធរក្រុង/ស្រុក ត្រូវត្រួតពិនិត្យស្ថានភាពទឹកភ្លៀងជាប្រចាំ និងត្រៀមបង្ការអោយល្អ ដើម្បីការពារហានិភ័យណា មួយកើតឡើងជាយថាហេតុ៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *