ស្ទឹងត្រែង៖ ប្រជាពលរដ្ឋ ជិត១០០ គ្រួសារ រស់នៅក្នុងភូមិស្ពានថ្ម ភូមិរាជានុកូល១និង ២ ក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ស្នើឱ្យអង្គភាពទឹកស្អាត នៅអគ្គិសនី ភ្ជាប់បណ្តាញជូនពួកគាត់ប្រើប្រាស់ផង ដើម្បីរួមគ្នាអនុវត្តយុទ្ធស្រាស្ត្រ របស់រាជរដ្ឋាភិបាលធ្វើឱ្យសម្រេចគោលដៅឆ្នាំ២០២៥មានទឹក ភ្លើងប្រើប្រាស់គ្រប់ក្រុមគ្រួសារ។ ក្នុងសកម្មភាពចុះពិនិត្យនិងទទួលយកសំណូមពរពីប្រជាពលរដ្ឋរស់នៅភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង កាលពីថ្ងៃទី៦ ខែសីហាឆ្នាំ២០២៤ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា៖នេះជាបញ្ហាប្រឈមមួយត្រូវតែដោះស្រាយជូនប្រជាពលរដ្ឋចំពោះមុខ ព្រោះតំបន់ដែលពួកគាត់រស់នៅស្ថិតនៅក្នុងក្រុង ទោះបីថាពួកគាត់មានផ្ទះស្ថិតនៅឆ្ងាយពីគ្នាបន្តិចមែន តែអង្គភាពពាក់ព័ន្ធត្រូវពិនិត្យលទ្ធភាពជាក់ស្តែង ដើម្បីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង។
ឯកឧត្តមមានប្រសាសន៍បន្តថា៖ ដោយឈរលើស្មារតីទទួលខុសត្រូវ ក្នុងការដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមឱ្យលោក ប្រធាន អង្គភាពពាក់ព័ន្ធ សហការជាមួយអាជ្ញាធរក្រុងពិនិត្យនិងរៀបចំឱ្យពួកគាត់ ទាំងអស់គ្នា មានបណ្តាញទឹក និងតភ្ជាប់ប្រព័ន្ធអគ្គិសនីដើម្បីបានប្រើប្រាស់ប្រចាំថ្ងៃ ។លោកជាវណ្ណចៅសង្កាត់ស្ទឹងត្រែងបានទទួលស្គាល់ថា នេះជាតម្រូវការចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង ព្រោះពួកគាត់ចំនួនជិត១០០គ្រួសារនេះ បានដាក់ពាក្យស្មើសុំមកសាលាសង្កាត់ឱ្យជួយដោះស្រាយជិតមួយឆ្នាំហើយ ។
លោកបន្តថា៖បញ្ហានេះក្រុមការងារសង្កាត់ក៏បានចុះទៅជាមួយមន្ត្រីជំនាញអង្គភាពរដ្ឋាករទឹក និងមន្ត្រីអគ្គិសនី ពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីរៀនចំគម្រោងតបណ្តាញទាំង២នេះជូនពួកគាត់ ។
លោកផៃស៊ូលឡៃតំណាងឱ្យប្រជាពលរដ្ឋដែលដាក់ពាក្យស្នើសុំ បានសាទរដល់ការគិតគូររកដំណោះស្រាយនេះ ព្រោះពួកគាត់បាននាំគ្នាធ្វើសំណើផ្តិតមេដៃ ហើយតែមិនទទួលបានដំណោះស្រាយ ហើយនាំគ្នាចេះតែរង់ចាំ ព្រោះសព្វថ្ងៃត្រូវទិញទឹកគេប្រើ ចំណែកភ្លើងសូឡាម្តងភ្លឺ ម្តង ងងឹង ដូចនេះពួកគាត់ចង់បានការផ្គត់ផ្គង់ពីផ្នែកសេវារដ្ឋឱ្យបានឆាប់។
លោកជូមស៊ីចឹង មន្ត្រីបច្ចេកទេសផ្នែកបណ្តាញទឹកបានបញ្ជាក់ថា៖ នៅតំបន់ដែលបានចុះមកសិក្សានេះវាស្ថិត នៅក្នុងគម្រោងតបណ្តាញនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ព្រោះក្រុមបច្ចេកទេសរង់ចាំតែកញ្ចប់ថវិកាជាតិផ្តល់មក ក្រុមមន្ត្រីជំនាញនិងត្រៀមលក្ខណៈរៀបចំចុះទៅតភ្ជាប់ជូនបងប្អូនហើយ។
សូមបញ្ជាក់ថា៖ប្រជាពលរដ្ឋរស់ជិត១០០គ្រួសារ ដែលបានផ្តិតមេដៃសំណូមពរនេះទីមួយនៅភូមិស្ពានថ្ម ទី២នៅភូមិរាជានុកូល១ និងរាជានុកូល២ ពួកគាត់រស់នៅតំបន់នេះ ជាង២០ឆ្នាំមកហើយអ្នកជិតខាងមានទឹកភ្លើងរដ្ឋប្រើប្រាស់ ចំណែកពួកគាត់ទទួលរងខ្សត់អត់ប្រើនៅឡើយ ៕SAMNEANG