ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ស្ទាក់ចាប់រថយន្តខួងអណ្តូង ១គ្រឿង លួចលាក់បង្កប់ និងដឹកជញ្ជូនឈើអារជាង ៤០ដុំ និងសន្លឹក ដែលការបង្ក្រាបនោះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅចុងទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងការបង្ក្រាបរថយន្តខួងអណ្តូងកែច្នៃ សម្រាប់លួចបង្កប់ និងដឹកជញ្ជូនឈើ ១គ្រឿងនោះ ក្រោយពីបែកការដល់ កម្លាំងកងរាជអាវុធហត្ថខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបញ្ជាកម្លាំងចុះឃាត់រថយន្ត ១គ្រឿងនោះ ដើម្បីត្រួតពិនិត្យ និងក្រោយការឆែកត្រួតពិនិត្យ កម្លាំងសមត្ថកិច្ចបានរកឃើញ នៅក្នុងរថយន្តនោះ មានបង្កប់ទៅដោយឈើអារ គឺ ឈើជ្រុង និងឈើសន្លឹក ជាប្រភេទឈើតាត្រាវ ចំនួន ៤២ដុំ និងសន្លឹក ស្មើ ៤,៧៧៤ ម៉ែត្រគូបត្រូគុណ ។
សេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀតថា នៅក្នុងពេលឃាត់រថយន្តខួងអណ្តូង កែច្នៃលួចដឹកឈើ គ្មានស្លាកលេខ ១គ្រឿងនោះ កម្លាំងកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនបុរសម្នាក់ ដែលជាអ្នកបើកបររថយន្តនោះ ឈ្មោះ លី ទី អាយុ ៣៥ឆ្នាំ រស់នៅភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
ប៉ុន្តែ ក្រោយមក បុរសអ្នកបើកបររថយន្ត លួចបង្កប់ឈើនោះ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីមន្ត្រីជំនាញអាវុធហត្ថខេត្ត បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលួចដឹកជញ្ជូន ដោយខុសច្បាប់នោះរួចមក។
ក្រោយការបង្ក្រាប រថយន្តដឹកឈើ ១គ្រឿងនោះ ត្រូវបាននាំយកមករក្សាទុក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។ ចំណែក វត្ថុតាងឈើដែលមានចំនួន ៤២ដុំ និងសន្លឹក ត្រូវបានប្រគ់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ស្តីពីព្រៃឈើ ៕