ខ្យល់កន្ត្រាក់បណ្តាលឱ្យប៉ះពាល់និងខូចខាតដល់លំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នងក្នុងឃុំចំនួនបី នៃស្រុកទឹកឈូខេត្តកំពត!


ខេត្តកំពត: កាលពីថ្ងៃទី ១៥-១៦ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ មានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់កន្រ្តាក់ខ្លាំង បណ្តាលឱ្យលំនៅដ្ឋានមួយចំនួនធំ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត ត្រូវបានរងការខូចខាត ខ្លះប៉ើងដំបូល ខ្លះដួលរលំជាច្រើនខ្នង។

ចំពោះករណីនេះ លោក អុីម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ បានឱ្យដឹងថា ក្នុងករណីខ្យល់កន្ត្រាក់នេះបានបក់បោកបណ្តាលឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ជាច្រើនខ្នងរងការខូចខាត និងក៏បានបណ្តាលឱ្យសមាជិកក្នុងគ្រួសារមួយចំនួនរងគ្រោះផងដែរ។

លោក អុីម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ បានបញ្ជាក់ទៀតថា ជុំវិញហេតុការណ៍នៃគ្រោះធម្មជាតិនេះ បានបង្កឱ្យរងផលប៉ះពាល់ដល់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ បន្ទាប់ពីមានសេចក្តីរាយការណ៍លោកក៏បានឱ្យក្រុមការងារស្រុកចុះទៅពិនិត្យ និងស្រង់យកឈ្មោះតួលេខគ្រួសាពលរដ្ឋដែលមានការខូចខាតគិតដល់ត្រឹមម៉ោង៦ល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ខ្យល់កន្រ្ទាក់បានធ្វើឱ្យលំនៅឋានប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំចំនួន ៣ នៅក្នុងស្រុកទឹកឈូ ខេត្តកំពត។

ជាមួយគ្នានេះដែរ លោក អុីម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ បានលើកឡើងថាប្រជាពលរដ្ឋនៅក្នុង ឃុំទាំងបីដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់នោះរួមមាន ទី១ នៅឃុំកណ្តោល ប៉ះពាល់លំនៅឋានចំនួនបីភូមិស្មើនិង១៩៦ខ្នងផ្ទះ មាន ភូមិទឹកក្រហម ២៤ខ្នងផ្ទះ ខូចខាតមធ្យម១០ខ្នង ខូចខាតតិចតួច១៤ខ្នង។
ភូមិមានរិទ្ធមានកាខូចខាត ៧៩ខ្នងផ្ទះ ប៉ើងដំបូលទាំងស្រុងចំនួន ៣ខ្នងផ្ទះ ខូចខាតមធ្យម ៦ខ្នង ខូចខាត តិចតួច ៧០ខ្នង។ភូមិអន្លង់គគី មាន ៦៦ខ្នងផ្ទះ រលំទាំងស្រុង ០២ខ្នង ខូចខាតមធ្យម ៥០ខ្នង ខូចខាតតិចតួច ១៤ខ្នង។

ក្នុងហេតុការណ៍នេះ បណ្តាលឱ្យមនុស្សរងគ្រោះចំនួន ២នាក់(១នាក់បញ្ជូនទៅសម្រាកនៅមណ្ឌលសុខភាពចក្រីទីង និង១នាក់ទៀតបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ទី២ ឃុំត្រពាំងព្រីង ប៉ះពាល់ ៥គ្រួសារ នៅចំណុចភូមិអង្គ រងការខូចខាតកម្រិតមធ្យម។ទី៣ ឃុំកូនសត្វ  រងការប៉ះពាល់ចំនួន២២ ខ្នងផ្ទះ នៅចំណុចភូមិបុស្សញិញ ក្នុងនោះ រលំទាំងស្រុង ០២ផ្ទះ  ខូចខាតមធ្យម ២០ ខ្នងផ្ទះ៕

អត្ថបទ រូបភាព ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *