ប្រធានពន្ធនាគារថ្មីខេត្តស្ទឹងត្រែង ត្រូវបានប្រកាសចូលកាន់មុខតំណែងជំនួសប្រធានពន្ធនាគារចាស់!


ស្ទឹងត្រែង: លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ២  លីម វាសនា អត្តលេខ ២៦៨៧ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានពន្ធនាគារ ខេត្តស្ទឹងត្រែងថ្មី  ជំនួស លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ២ ប្រាជ្ញ សុភី អត្តលេខ ០៣៨៥ ដែលផ្ទេរភារកិច្ចពីប្រធានពន្ធនាគារខេត្ត ស្ទឹងត្រែង មកជាប្រធានមណ្ឌលអប់រំកែប្រែទី៤វិញ។

ពិធីប្រកាស់ត្រូវបានធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែងកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅក្រោមអធិបតីភាពឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធធនាគានិង លោក សែន វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែងនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត។

នៅក្នុងឱកាសនេះឧត្តមអគ្គានុរក្សថ្នាក់លេខ ២ ប្រាជ្ញ សុភី អត្តលេខ ០៣៨៥ អតីតប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ឡើងបង្ហាញពីស្ថានភាពទូទៅនៃការគ្រប់គ្រងមន្រ្តី ការគ្រប់គ្រងជនជាប់ឃុំ សមិទ្ធិផលដែលសម្រេចបាន បញ្ហាប្រឈមផ្សេងៗក្នុងឱកាសលោកកាន់មុខតំណែងកន្លងមក។

ជាមួយគ្នានេះដែរលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លីម វាសនា ដែលទើបបានប្រកាសចូលកាន់តំណែងបានធ្វើការប្តេជ្ញាចិត្តថានឹងអនុវត្តតាមអនុសាសន៍ឯក ឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងស្មោះត្រង់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល គោរពនិងប្រតិបត្តិតាមច្បាប់លិខិតបទដ្ឋានគតិយុទ្ធនានា ពិសេសគោរពគោលនយោបាយដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា, ស្មោះស្ម័គ្រគោរពប្រតិបត្តិ តាមគោលការរបស់ក្រសួងមហាផ្ទៃ ។

មានមតិស្វាគមន៍ លោក សែន វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែង បានសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការប្តេជ្ញាចិត្តយ៉ាងម៉ុតមាំរបស់លោកប្រធានពន្ធនាគារខេត្តស្ទឹងត្រែងដែលទើបទទួលមុខតំណែង និងណែនាំឲ្យមានសាមគ្គីភាពផ្ទៃក្នុង មានទំនាក់ទំនងល្អ រវាងមន្ទីរអង្គភាពស្ថាប័ននានាជុំវិញខេត្ត ចំណុះឲ្យរដ្ឋបាលខេត្តផងដែរ។

ថ្លែងក្នុងឱកាសនោះ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានប្រគល់ប្រកាសនីយបត្រនិងត្រាជូនដល់លោកប្រធានពន្ធនាគារខេត្តស្ទឹងត្រែងដែលទើបទទួលមុខតំណែង និងបានមានប្រសាសន៏ណែនាំផ្តាំផ្ញើ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង គោរពអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ពិសេសត្រូវមានទំនាក់ទំនងល្អ ចូលរួមសហការជាមួយរដ្ឋបាលខេត្ត និងបំពេញកិច្ចការងារនេះឱ្យបានកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត  ក៏បានស្នើសុំដល់អាជ្ញាធរខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់សូមឲ្យមានកិច្ចសហការគ្នាល្អជាមួយពន្ធធនាគាខេត្ត ជាពិសេសស្ថិតនៅក្នុងបរិបថនៃយុទ្ធនាការដ៏ពុះកញ្ជ្រោល គឺយុទ្ធនាការប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន និងការបង្ក្រាបក្មេងទំនើង។ ហើយក្នុងពេលខាងមុខពន្ធធនាគាខេត្តស្ទឹងត្រែងអាចមានជាប់ឃុំក្នុងកំរិត១០០០ជាងនាក់ ខណៈដែលបច្ចប្បន្នពន្ធធនាគាខេត្តស្ទឹងត្រែងមានអ្នកជាប់ឃុំក្នុងកំរិត៩០០នាក់ជាង៕ Samneang

You might like

Leave a Reply

Your email address will not be published. Required fields are marked *