អភិបាលខេត្តកំពត សំណេះសំណាល ជាមួយកម្មករ កម្មការិនី និងការប្រារព្ធខួប អនុស្សាវរីយ៍លើកទី១៣៨  ទិវាពលកម្មអន្តរជាតិ ១ឧសភា

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត  បានអញ្ជើញជា អធិបតីភាពក្នុងពិធី សំណេះសំណាល ជាមួយបងប្អូនកម្មករ កម្មការិនី រោងចក្រ និងការប្រារព្ធខួប អនុស្សាវរីយ៍ លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “សហគ្រាសមួយ ជាមួយសហគមន៍សុខសាន្តមួយ”ក្នុងបរិវេណ រោងចក្រដាប៉ុន កំពតស្ព័ត ស្ថិតក្នុងភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

ពិធីសំណេះសំណាល នេះមានកម្មករ កម្មការិនីចូលរួមចំនួន៤០០នាក់ ដែលមកពីរោងចំនួន៣ រួមមាន រោងចក្រដាប៉ុន កំពតស្ព័ត រោងចក្រថៃប៊ុនរ៉ុង និងរោងចក្រស៉ីម៉ងត៍ ចក្រីទីង ដែលស្ថិតក្នុង ស្រុកទឹកឈូ ខេត្តកំពត។

ក្រោយពីលោក អ៊ឹង ប៉ូហេង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ខេត្តកំពតអានរបាយការណ៍រួចមក ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងដោយកោត សរសើរនូវស្នាដៃខិតខំ របស់បងប្អូនកម្មករ កម្មការិនីទាំងអស់ ដែលជានិច្ចកាលបាន យកចិត្តទុកដាក់ខ្ពស់​ ដើម្បីសម្រេចការងាររបស់ខ្លន នៅគ្រប់បណ្តារោងចក្រ សហគ្រាសនៃ អាណាចក្រខេត្តកំពត។

ជាមួយគ្នានេះ ឯកឧត្តមអភិបាល ខេត្តបានជំរុញ និងផ្តាំផ្ញើដល់បងប្អូនកម្មករ កម្មការិនីនៅគ្រប់រោង ចក្រ សហគ្រាស ត្រូវប្រឹងប្រែងការងារ របស់ខ្លួនបន្ថែមទៀត ដើម្បីទទួលបាននូវប្រាក់កម្រៃខ្ពស់  ពិសេសប្រាក់រង្វាន់ លើកទឹកចិត្តសម្រាប់ ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ អោយកាន់តែមានជីវភាព ធូរធាថែមមួយកម្រិតទៀត។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តែផ្តាំផងដែរ ដោយសូមអោយបងប្អូនកម្មករ កម្មការិនីគ្រប់រោងចក្រ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត នូវបញ្ហាសុខភាពជាចម្បង ព្រោះក្នុងឆ្នាំនេះអាកាស ធាតុក្តៅខុសពីធម្មតា ដែលងាយធ្វើអោយ យើងប្រឈមនឹង បញ្ហាសុខភាព ដូចជាមានជំងឺផ្សេងៗ។

ដូច្នេះឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ កម្មករកម្មការិនី ត្រូវតែសំរាកនិងហូបចុក អោយបានគ្រប់គ្រាន់ ពិសេសការសន្សំសំចៃទឹក សម្រាប់ប្រើប្រាស់នៅ តាមលំនៅដ្ឋានផងដែរ៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *