ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិភាក្សាការងារមួយតំណាង អង្គការអន្តរជាតិខាងការងារ (ILO)ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ ផ្ដោតលើវឌ្ឍនភាពវិស័យការងារនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក Lars Johansen នាយករងនៃការិយាល័យ អង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួនទាក់ទងនឹងវឌ្ឍនភាពវិស័យការងារនៅកម្ពុជា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងសហប្រតិបត្តិការគាំ ពារពលករទេសន្តរប្រវេសន៍ នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីការស្វាគមន៍ ចំពោះកិច្ចសហប្រតិ បត្តិការជាមួយអង្គការ ILOកន្លងមក ដែលជាការរួមចំណែក ដ៏សំខាន់ក្នុងការធ្វើឱ្យមាន វឌ្ឍនភាពវិស័យការងារនៅកម្ពុជា ការអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា៖ «ក្រសួងមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលជាតួអង្គសំខាន់ ក្នុងការផ្ដល់ឱកាស ការងារជូនពលរដ្ឋទូទៅ និងយុវជន។ អ្វីដែលសំខាន់នាពេលនេះ គឺក្រសួងបានដាក់ពង្រាយ ទាំងឱកាសការងារ ទាំងកម្មវិធីអប់រំបណ្ដុះ បណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងសេវាគាំពារសង្គមនានា នៅមុខព្រំដែន ដើម្បីជួយផ្ដល់ឱកាសការងារ ជូនពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ក្រោយពីមានវិធាន ការរបស់ថៃដែលបិទ ច្រកព្រំដែនរវាងប្រទេសទាំងពីរ»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើក ទឹកចិត្តដល់ដៃគូអភិវឌ្ឍពាក់ព័ន្ធ ជាពិសេសអង្គការ ILO ឱ្យបន្តសហការលើយន្តការ គាំពារពលករចំណាកស្រុក និងលុបបំបាត់ពលករ ទេសន្តរប្រវេសន៍ ក្នុងវិស័យការងារដែល មិនមានសុវត្ថិភាព ដើម្បីលើកកម្ពស់ការ គាំពារសិទ្ធិពលករ ការផ្ដល់ឱកាសឱ្យពួកគាត់ ទទួលបានការងារសមរម្យ  និងមានសុវត្ថិភាព។

ជាការឆ្លើយតប លោក Lars Johansen នាយករងនៃការិយាល័យ អង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ បានទទួលស្គាល់ពីកិច្ច ខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលជា សេនាធិការក្នុងការដោះស្រាយ ការប្រឈមនានាបាន ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ អង្គការ ILO នឹងបន្តគាំទ្រ និងបង្កើនកិច្ចសហ ប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *