(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានផ្ញើសារតាម ផេកផ្លូវការរបស់ឯកឧត្តម ជូនមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃ ការកើនឡើងកំដៅ គួរឱ្យកត់សម្គាល់។
ក្នុងសារនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់ថា នារយៈពេលប៉ុន្មាន សប្ដាហ៍ចុងក្រោយនេះ អាកាសធាតុនៅ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្ដា ប្រទេសនានាក្នុងតំបន់ បានកើនកំដៅ គួរឱ្យកត់សម្គាល់។ ស្ថានភាពនេះ បានធ្វើឱ្យប៉ះពាល់ ដោយផ្ទាល់ដល់ ការបំពេញការងារ ការប្រកបរបរទទួលទានប្រចាំថ្ងៃ និងសុខភាពរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ស្ទើរទូទាំងប្រទេស ក៏ដូចជាមន្រ្តីរាជការ ក្នុងមុខងារសាធារណៈ និងមុខងារនយោបាយផងដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់ដែរថា នៅពេលគ្រប់គ្នា សូម្បីតែអ្នកបំពេញការងារ តាមការិយាល័យមានបំពាក់កង្ហារ ឬម៉ាស៊ីនត្រជាក់ និងប្រជាពលរដ្ឋទូទៅ បានលើកឡើងអំពីផល វិបាកដោយសារ អាកាសធាតុក្ដៅ ខ្ញុំកាន់តែមានសេចក្ដី នឹកស្រណោះជាពន់ពេក ដល់មន្រ្តីរាជការ និងកងកម្លាំងទាំងឡាយ ដែលបាននិងកំពុង បំពេញភារកិច្ចក្រោមកំដៅថ្ងៃ ដូចជា៖ ការល្បាតការពារបូរណភាពទឹកដី ការសម្រួលចរាចរណ៍ សន្តិសុខសណ្ដាប់ធ្នាប់ ការចុះប្រតិបត្តិការ និងការដោះស្រាយបញ្ហានានានៅមូលដ្ឋាន។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរក្សាបាននូវប្រក្រតីភាព នៃការអនុវត្តតួនាទី ភារកិច្ចក្នុងស្ថានភាពបែបនេះ ដែលជាកាយវិការ គួរឱ្យស្ញប់ស្ញែង ព្រមជាមួយសកម្មភាពរស់នៅ ប្រកបមុខរបរ បំពេញការងារផ្សេងៗ របស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនី ប្រកបដោយភាព អត់ធ្មត់ក្រោមរលកកម្ដៅនេះ។
ទន្ទឹមនេះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញដល់អាជ្ញាធរដែនដី ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ មេត្តាយកចិត្កទុកដាក់ខ្ពស់ តាមដាន និងរិះរកមធ្យោបាយនានាជា ចំណែកនៃការជួយ សម្រាលស្ថានការណ៍ ដូចជា ៖ ការប្រើប្រាស់រថយន្ត បាញ់ស្រោចទឹកតាមដងផ្លូវ តាមទីប្រជុំជន ព្រមទាំងវិធីសាស្ត្រនានា ដែលអាចធ្វើទៅរួច ក្នុងស្មារតីបង្ការពី ផលប៉ះពាល់ទាំងឡាយ លើសុខភាព ជួយសម្រួលដល់ការ បំពេញភារកិច្ច ការងារ ការប្រកបមុខរបរ និងការសិក្សារៀនសូត្រជាដើម។
ជាមួយគ្នានេះដែរ សូមបន្តផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋនូវវិធីបន្សាំខ្លួន ការពារទប់ទល់នឹង បាតុភូតធម្មជាតិ ឬការប្រែប្រួលអាកាសធាតុ ដែលកំពុងប្រឈម ជាពិសេសគ្រោះអគ្គិភ័យ ជាយថាហេតុណាមួយ ដោយត្រៀមកម្លាំង អន្តរាគមន៍ទាន់ពេល រួមនឹងវិធានត្រៀម សង្គ្រោះប្រជាពលរដ្ឋ កើតមានបញ្ហាសុខភាព បន្ទាន់ណាមួយផងដែរ។
ជាចុងក្រោយនៃសារផ្ញើ ជូនមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជូនពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ ជម្នះបាននូវឧបសគ្គមួយនេះ និងជូនពរដល់អាជ្ញធរដែនដី កងកម្លាំងគ្រប់ប្រភេទ សូមទទួលបានជោគជ័យ ក្នុងភារកិច្ចបម្រើជាតិ និងប្រជាជន ក្រោមការដឹកនាំប្រកបដោយ ទស្សនវិស័យជឿនលឿន របស់សម្ដេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕