(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានចាត់តាំងឯក ឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យ ដឹកនាំប្រតិភូ ចូលរួមរំលែកមរណទុក្ខ និងប្រគល់ថវិកាចំនួន ៨០លានរៀល ជូនឯកឧត្តមនាយ ឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពល ខេមរភូមិន្ទ ដើម្បីប្រគល់ជូន ក្រុមគ្រួសារសពយោធិន ទាំង ២០រូប ដែលពលីក្នុង ឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធ ភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។
ក្នុងឱកាសនោះឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានជម្រាបជូនឯក ឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ អំពីសេចក្ដីសោក ស្ដាយជាពន់ពេក និងការចូលរួមរំលែក មរណទុក្ខដ៏ក្រៀមក្រំ ពីសំណាក់ឯកឧត្ត មអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំមន្រ្តី រាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ជាមួយក្រុមគ្រួសារ សពយោធិនពលី ក៏ដូចជាថ្នាក់ដឹកនាំ និងមន្រ្តីនៃ កងយោធពលខេមរភូមិន្ទ ចំពោះការបាត់បង់ក្រុមគ្រួសារ និងធនធានមនុស្ស របស់អង្គភាព ព្រមទាំងបានជូនពរ អ្នករងរបួសឱ្យឆាប់ ជាសះស្បើយ។
ក្នុងនាមឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ ក៏បានថ្លែងអំណរគុណ ចំពោះកិច្ចសហ ប្រតិបត្តិការរបស់ ក្រសួងការពារជាតិ ជាពិសេសកង យោធពលខេមរភូមិន្ទ ជាមួយក្រសួងមហាផ្ទៃ លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ធ្វើឱ្យក្រសួងទាំងពីរ មានលទ្ធភាព កាន់តែខ្ពស់និង គ្រប់ជ្រុងជ្រោយក្នុង ការបំពេញតួនាទី និងភារកិច្ចបម្រើជាតិ និងប្រជាជន ស្របតាម យុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយ ទស្សនៈវិស័យជឿនលឿន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ជាការឆ្លើយតប ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងអំណរ គុណគោរពជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងទឹកចិត្តប្រកបដោយ ភាតររបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដែលបានចូល រួមរំលែកមរណទុក្ខ និងរួមចំណែកផ្ដល់ នូវថវិកាជូនក្រុមគ្រួសារ យោធិនពលី ទាំង ២០រូប។
ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាក់ថាឧបទ្ទវហេតុនេះ គឺជាទុក្ខសោកដ៏ក្រៀមក្រំ មួយមិនធ្លាប់មានក្នុង ប្រវត្តិសាស្រ្តកង យោធពលខេមរភូមិន្ទ សូម្បីតែក្នុងពេល មានសមរភូមិប្រយុទ្ធក៏ដោយ។ ឯកឧត្តមនាយឧត្តមសេនីយ៍ បន្តទៀតថា ភ្លាមៗក្រោយកើតមានឧបទ្ទវហេតុ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំបញ្ជានិង តាមដានយ៉ាងយក ចិត្តទុកដាក់ខ្ពស់បំផុត ទាំងការរៀបចំពិធី បុណ្យសពយោធិនពលី ព្រមទាំងការសង្គ្រោះ និងព្យាបាលជនរងគ្រោះ។
មុននឹងបញ្ចប់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានជម្រាបជូនឯកឧត្តម សន្តិបណ្ឌិតនាយក ខុទ្ទកាល័យឯកឧត្ត មអភិសន្តិបណ្ឌិត អំពីការត្រៀមរៀប ចំប្រគល់ថវិកាជូន ក្រុមគ្រួសារយោធិនពលី ឱ្យបានឆាប់។ ភាគីទាំងពីរ ក៏បានគោរពជូនពរថ្នាក់ដឹកនាំ និងជូនពរមន្រ្តីកងកម្លាំង ទាំងកម្លាំងនគរបាលជាតិ និងកងយោធពលខេមរភូមិ សូមទទួលបានជោគជ័យ ក្នុងបេសកកម្មការពារជាតិ បេសកកម្មការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីរួមចំណែកបន្ត សម្រេចឱ្យបានជោគជ័យ នូវយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល៕