(ភ្នំពេញ)៖ សម្តេចធិបតីបបាន ប្រកាសមិនឱ្យបង្កើតមូលនិធិ ក្នុងការប្រមូលថវិកា សម្រាប់គម្រោងព្រែក ជីកហ្វូណន-តេជោនោះទេ ដើម្បីកុំឱ្យមានអ្នក ឆ្លៀតឱកាសយក លុយពីប្រជាពលរដ្ឋ។
ថ្លែងក្នុងឱកាស អញ្ជើញសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិក សិក្សាខ្មែរប្រមាណ ៥,១៨៧នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ថ្លែងអរគុណដល់បងប្អូន ប្រជាពលរដ្ឋខ្មែរនៅ ទូទាំងប្រទេស ទាំងក្នុង និងក្រៅប្រទេស ដែលចេញសារ គាំទ្រលើគម្រោងព្រែក ជីកហ្វូណន-តេជោ ដើម្បីផ្តល់ផល់ប្រយោជន៍ សេដ្ឋកិច្ចកម្ពុជា និងជាដង្ហើមរស់ ដោយខ្លួនឯង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការគាំទ្រផ្នែកស្មារតី គឺជាការគាំទ្រដ៏ធំធេង សម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោ ហើយរាជរដ្ឋាភិបាល មិនតម្រូវការមូលនិធិពី ប្រជាពលរដ្ឋនោះទេ ដើម្បីកុំឱ្យមាន អ្នកឆ្លៀតឱកាស បន្ទាប់ពីមានបុគ្គលមួយរូប បានប្រកាសចែកដីជូន ពលរដ្ឋរួចហើយកាល ពីពេលថ្មីៗនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ទោះបីមិនទទួលថវិកា សម្រាប់សាងសង់ ព្រែកជីកហ្វូណន-តេជោ នេះពីវិនិយោគិន ក្រៅប្រទេសក៏ដោយ ក៏រាជរដ្ឋាភិបាលបាន ត្រៀមបម្រុងរួចហើយ មិនតម្រូវការមូល និធិពីប្រជាពល រដ្ឋនោះទេ ។
សម្តេចធិបតី អះអាងថា នឹងបន្តបេសកកម្ម របស់សម្តេចតេជោ ធ្វើឱ្យព្រែកជីកហ្វូណន-តេជោ ចេញជារូបរាង និងធានាទទួលខុសត្រូវ ប្រសិនបើមាន ប៉ះពាល់ណាមួយ ពីព្រែកជីកហ្វូណន-តេជោ បន្ទាប់មានការសិក្សា ច្បាស់លាស់ណាស់ពី ផលប៉ះពាល់ទឹកទន្លេ និងបរិស្ថាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនមែនជាប្រយោជន៍ របស់ត្រកូល «ហ៊ុន» នោះទេ គឺជាប្រយោជន៍ របស់ខ្មែរទាំងមូល។
ជាមួយគ្នា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅជនក្បត់ជាតិ សម រង្ស៉ី សូមតម្កល់ប្រយោជន៍ សម្រាប់ជាតិ កុំប្រឆាំង ដើម្បីប្រឆាំង។
សូមបញ្ជាក់ថា គម្រោងព្រែកជីក ហ្វូនណនតេជោនេះ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូត ដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយ សុវត្ថិភាពផងដែរ។
តាមការសិក្សាគម្រោងព្រែកជីក ហ្វូណនតេជោ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន រួមមាន៖ ការកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន នាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិ ងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការ អភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែម នៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍ ទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើន ផ្នែកអចលនទ្រព្យ។
ឈ្វេងយល់ អំពីព្រែកជីកហ្វូណន តេជោ! ទី១- ត្រូវបានតភ្ជាប់ ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ។
ទី២- គ្រោងចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក ជាប្រភេទគម្រោង វិនិយោគ BOT (Build-Operate-Transfer)។
ទី៣- ទីតាំងគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រ ខេត្តកែប។
ទី៤- ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
ទី៥- តាមការប៉ាន់ស្មាន មានចំនួនប្រជាជន សរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសង ខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។
ទី៦- ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ (បញ្ជាក់៖ ជម្រៅនាវា ៤,៧ម៉ែត្រ)
ចំពោះហេដ្ឋារចនាសម្ព័ន្ធ៖ សន្ទះផ្លូវនាវាចរណ៍មាន ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ ដោយគ្រោងសាងសង់ ប្រើប្រាស់ពេលវេលាចំនួន ០៤ឆ្នាំ ហើយគ្រោងនឹង ចាប់ផ្តើមសាងសង់ នៅចុងឆ្នាំ២០២៤។
អត្ថប្រយោជន៍៖ កាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹក ជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែម នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗ ទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីក ចម្រើនផ្នែកអចលនទ្រព្យ ៕