មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុម ជួញដូរគ្រឿងញៀន ឆ្លងដែនយ៉ាងសកម្ម ចំនួន០៦នាក់ និងរឹបអូសគ្រឿងញៀនជិត ២០០គីឡូក្រាម ព្រមទាំងទ្រព្យ សម្បត្តិជាច្រើនទៀត

(ភ្នំពេញ)៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នៅរសៀល ថ្ងៃទី២៨ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះស្រាវជ្រាវ បង្ក្រាបនិងឃាត់ខ្លួនក្រុម ជួញដូរគ្រឿងញៀនឆ្លង ដែនយ៉ាងសកម្ម ចំនួន០៦នាក់ និងរឹបអូសគ្រឿងញៀនជិត ២០០គីឡូក្រាម ព្រមទាំងទ្រព្យ សម្បត្តិជាច្រើនទៀតផង។

ប្រភពដដែលបន្តថា អនុវត្តតាមបញ្ជារបស់ លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ  លោកឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង ទទួលដឹកនាំការងារ ជំនាញមន្ទីរប្រឆាំង គ្រឿងញៀន និងលោកឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំ ការងារប្រឆាំងគ្រឿង ញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោក ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ម៉ោង០៩និង៣០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៩) ដឹកនាំដោយលោក វរសេនីយ៍ឯក សេង សុផល នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ភ្លៀន នឿន ជាមន្ត្រីនគរបាលយុត្តិធម៌ សហការជាមួយកម្លាំង ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ ស៊ើបអង្កេតជាង ៣ខែ រហូតឈានទៅបង្ក្រាប ករណីជាក់ស្តែង កំពុងធ្វើសកម្មភាពជួញដូរ រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅ០៥ទីតាំងផ្សេងៗ គ្នាជាបន្តបន្ទាប់ ៖ទី១-នៅចំណុចទល់ មុខស្ថានីយ៍ទឹកស្អាត សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ទី២-ក្នុងបន្ទប់លេខ ១១១៨ ជាន់ទី១១ ក្នុងខុនដូមេគង្គវីយូ៦ សង្កាត់-ខណ្ឌជ្រោយចង្វារ ទី៣-បន្ទប់លេខ១១១០ ខុនដូហែនលេន ភូមិកៀនឃ្លាំង សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ ទី៤-ផ្ទះលេខ៦១ ផ្លូវ V-03 បុរីដឺហ្លររ៉ា ផ្លូវជាតិលេខ៦អា ភូមិក្តីចាស់ សង្កាត់បាក់ខែង ទី៥-ផ្ទះលេខ៣២អ៊ី (16E) ផ្លូវជាតិលេខ៦អា ក្រុម១០ ភូមិក្រោលគោ សង្កាត់-ខណ្ឌឬស្សីកែវ។

កម្លាំងជំនាញបានឃាត់ ខ្លួនជនសង្ស័យចំនួន ០៦នាក់រួមមាន ៖ ១-ឈ្មោះ លី ប៊ុនមីន ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៧១ ជាមេខ្លោង ហើយមានដីកាចាប់បង្គាប់ ឲ្យចាប់ខ្លួនផងដែរ ២-ឈ្មោះ ប៊ុន ណាវី ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ ១៩៦៤ ៣-ឈ្មោះ លី មីង ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ២០០១ ៤-ឈ្មោះ ប៊ុន ម៉ាលីស ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ១៩៧៤ ៥-ឈ្មោះ ស៊ុយ ឆេងឡាង ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ២០០០ ៦-ឈ្មោះ កេះ ស្រីពេញ ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ១៩៩៩។

ចាប់យកវត្ថុតាង គ្រឿងញៀន ៖ ១-មេតំហ្វេតាមីន (ICE) ទម្ងន់ ១៥៨គីឡូក្រាម និង២៤ក្រាម ២-កេតាមីន (Ketamine) ទម្ងន់ ២២គីឡូក្រាម និង៦៨៤ក្រាម ៣-ហេរ៉ូអ៊ីន (Heroine) ទម្ងន់ ៧គីឡូក្រាម និង៤៣៤ក្រាម សរុបគ្រឿងញៀនទម្ងន់ ១៨៨គីឡូក្រាម ១៤២ក្រាម។

ចាប់យកទ្រព្យសម្បត្តិ ដែលសង្ស័យជាផល កើតចេញពីបទល្មើស គ្រឿងញៀន រួមមាន ៖ សាច់ប្រាក់ជាង ៣០ម៉ឺនដុល្លារអាមេរិក អចលនទ្រព្យ រថយន្ត គណនីធនាគារ ប្រមាណតម្លៃ រាប់លាន ដុល្លារអាមេរិក។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់ យកខាងលើ មន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការ បន្តតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *