(ខេត្តព្រះសីហនុ)៖ បើតាមរបាយការណ៍ របស់ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន បានចុះបង្រ្កាបករណី ជួញដូរ និងកែច្នៃសារធាតុ ញៀន១កន្លែង ស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជន សង្ស័យទាំងមុន ទាំងក្រោយ សរុបចំនួន៤នាក់ ជាជនជាតិចិន និងថ្នាំញៀនជិត ៦គីឡូក្រាម ព្រមទាំងដក ហូតវត្ថុតាងមួយចំនួន។
របាយការណ៍របស់ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានបន្តថា ប្រតិបត្តិការនេះអនុវត្ត តាមបទបញ្ជារបស់ឧត្តម សេនីយ៍ឯកអគ្គស្នងការរង និងជាស្នងការនគរ បាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដំបូងឡើយឃាត់ខ្លួន បាន២នាក់ជាជនជាតិចិន។
លុះដល់រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញបាន បន្ដទៅឃាត់ខ្លួនបក្ខពួក ជនសង្ស័យចំនួន២នាក់ (ស្រី១នាក់) បន្ថែមទៀត ជាជនជាតិចិន ព្រមទាំងដកហូត វត្ថុតាងមួយចំនួន។
ជនសង្ស័យចំនួន៤នាក់ រួមមាន៖ ទី១. ឈ្មោះ LIU CHANG LIANG ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិ ទី២. ឈ្មោះ CHU XINLE ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ទី៣. ឈ្មោះ GONG YANGQING ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន ទី៤. ឈ្មោះ SHI MINGHA ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិចិន
ចំពោះវត្ថុតាងដែល ដកហូតបាន មានសារធាតុញៀនទម្ងន់សរុប ៥៧២៨.៣០ក្រាម (ទម្ងន់សុទ្ធ) និងកញ្ឆាក្រៀមទម្ងន់ ៦១៣.០១ក្រាម (ទម្ងន់សុទ្ធ) ក្នុងនោះ៖ សារធាតុញៀនប្រភេទ មេតំហ្វតាមីន (ICE) ទម្ងន់ ១១០៨.០៥ក្រាម (ទម្ងន់សុទ្ធ) សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (WY) ទម្ងន់ ១៣២០.៤៥ក្រាម (ទម្ងន់សុទ្ធ) សារធាតុញៀន ប្រភេទកេតាមីន (K) ទម្ងន់ ១១១៩.៥៦ក្រាម (ទម្ងន់សុទ្ធ) សារធាតុញៀនប្រភេទអ៉ិចស្ដាស៊ី (MDMA) ទម្ងន់ ២១៧៣.៨៦ក្រាម (ទម្ងន់សុទ្ធ) សារធាតុញៀនប្រភេទហេរ៉ូអ៉ីន ទម្ងន់ ៦៣៨ក្រាម (ទម្ងន់សុទ្ធ) ក្រៅពីនេះមានទូរស័ព្ទដៃចំនួន ៨គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ៦គ្រឿង, លិខិតឆ្លងដែនចំនួន ៣ក្បាល, កាតធនាគារចំនួន ៣សន្លឹក, ម៉ូតូចំនួន ១គ្រឿង, ឧបករណ៍កែច្នៃ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនស្ស័យទាំង៤នាក់ រួមនឹង វត្ថុតាង ត្រូវបានមន្ត្រីនគរបាលជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕