(ភ្នំពេញ)៖ កម្ពុជាត្រៀមខ្លួន ដើម្បីទទួល ស្វាគមន៍ វត្ថុបុរាណដ៏អស្ចារ្យ ចំនួន២៧ដុំទៀត ដែលមានតម្លៃ ២,៤ លាន ដុល្លារអាមេរិក ពីរដ្ឋាភិបាល អាមេរិក ប្រគល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដោយក្នុងនោះ ឯកឧត្តម ម៉ៅ ទិត្យារុណ ភារធារីស្តីទីកម្ពុជា ប្រចាំអង្គការ សហប្រជាជាតិ និងសហការី បានចូលរួមជាមួយ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំ សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ប្រគល់-ទទួលវត្ថុបុរាណខ្មែរ។
តាមការបញ្ជាក់ពីស្ថាន ទូតកម្ពុជាប្រចាំ សហរដ្ឋអាមេរិក Royal Embassy of Cambodia, Washington DC បានឱ្យដឹងថា ៖ «វត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ដែលមានតម្លៃ ២,៤ លានដុល្លារអាមេរិក ត្រូវបានប្រគល់ជូន ប្រជាជនកម្ពុជាវិញ ។ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក និងលោក វរសេនីយ៍ឯក Matthew Bogdanos ប្រធានអង្គភាព ប្រឆាំងការជួញ ដូរវត្ថុបុរាណ បានអញ្ជើញ ចុះហត្ថលេខា លើកិច្ចព្រមព្រៀង ប្រគល់-ទទួល វត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ដែលពិធីនេះបានប្រព្រឹត្ត ទៅនៅការិយាល័យ រដ្ឋអាជ្ញាទីក្រុងញូយ៉ក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤»។