(អាល្លីម៉ង់)៖ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលរសៀលនៅ ប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញដឹក នាំគណៈប្រតិភូកម្ពុជា បន្តស្ដាប់ការធ្វើបទ បង្ហាញស្តីពី«ប្រព័ន្ធអភិបាលកិច្ចពហុកម្រិត នៃរដ្ឋបាវ៉ារីយ៉ា» រៀបចំនៅក្រសួងមហាផ្ទៃ កីឡា និងសមាហរណកម្ម ក្នុងទីក្រុងម៉ូនិក នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
ពាក់ព័ន្ធនឹងប្រព័ន្ធ អភិបាលកិច្ចពហុកម្រិត នៃរដ្ឋបាវ៉ារីយ៉ា លោក Harald Welsch ប្រធាននាយកដ្ឋាន នៃក្រសួងមហាផ្ទៃ និងសមាហរណកម្ម រដ្ឋបាវ៉ារីយ៉ា បានគូសបញ្ជាក់ អំពីភាពខុសគ្នារវាងមុខងាររដ្ឋ និងរដ្ឋបាលមូលដ្ឋាន (ស្វយ័ត) យន្តការ និងស្ថាប័នសហ ប្រតិបត្តិការខ្សែបណ្តោយ ការត្រួតពិនិត្យ បច្ចេកទេស ច្បាប់ និងហិរញ្ញវត្ថុនៅ កម្រិតរដ្ឋបាលមូលដ្ឋាន។
សូមរម្លឹកថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងលោកជំទាវ បានដឹកនាំគណៈ ប្រតិភូធ្វើដំណើរពីមាតុប្រទេស មកទស្សនកិច្ចនៅ សហព័ន្ធស្វីស និងសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។
សម្រាប់កម្មវិធីចុងក្រោយ នៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងទទួលជួបសម្ដែង ការគួរសម ដោយឯកឧត្តម Eric Beisswenger រដ្ឋមន្ត្រីក្រុមប្រឹក្សារដ្ឋបាវ៉ារីយ៉ា និងបន្តដឹកនាំគណៈ ប្រតិភូស្ដាប់បទបង្ហាញ ពាក់ព័ន្ធនឹងភារកិច្ច និងមុខងារអាជ្ញាធរ រដ្ឋបាលថ្នាក់ខ្ពស់ ការត្រួតពិនិត្យរដ្ឋបាល មូលដ្ឋាន និងការរៀបចំពហុ កម្រិតសម្រាប់ការគ្រប់គ្រង គ្រោះមហន្តរាយនិងការការពារ ប្រជាពលរដ្ឋនៅរដ្ឋបាវ៉ារីយ៉ា៕