(ភ្នំពេញ)៖ ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងនគរបាល ប៉ុស្តិ៍វត្តភ្នំ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ឆក់ទូរស័ព្ទដៃ នៅចំណុចផ្លូវលេខ១៣កែងផ្លូវ១០៦ ភូមិ៩សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ខណៈកម្លាំងកំពុង ល្បាតក្នុងមូលដ្ឋាន។
ជនសង្ស័យឈ្មោះ វែង វេវ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ ជួលគ្មានលេខ ផ្លូវ៨៦ ម្តុំវិហាឥស្លាមបឹងកក សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន)។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក Honda C125 សេរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IH-9682, ទូរស័ព្ទ ១គ្រឿង។ បន្ទាប់មកសមត្ថកិច្ច បានប្រគល់ទូរស័ព្ទដៃ ជូនជនរងគ្រោះ តាមការស្នើសុំ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ គឺកម្លាំងនគរបាល ប៉ុស្តិ៍វត្តភ្នំ នៅថ្ងៃទី២៣ ខែមេសាម្សិលមិញនេះ បានជិះល្បាត ក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ បទល្មើសលួចឆក់ប្លន់ នឹងបទល្មើសផ្សេងៗទៀត ដែលអាច កើតមានឡើង ជាយថាហេតុ លុះមកដល់ចំណុចខាងលើ ក៏ប្រទះឃើញករណី ឆក់ទូរស័ព្ទដៃ ភ្លាមនោះបានចេញអន្ដគមន៍ ដេញតាមចាប់ ឃាត់ខ្លួន តែម្តង ។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាង សំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។