(ភ្នំពេញ)៖ នារីម្នាក់បើកម៉ូតូលឿន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកពីក្រោយ រថយន្តបម្រុងឆ្លងផ្លូវ បណ្តាលឱ្យរងរបួសបែក ត្របកភ្នែកស្តាំ ហូរឈាមជោគខ្លួន ។
ហេតុការណ៍នេះ បានកើតឡើងកាល ពីម៉ោង៧យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវសហព័ន្ធរុស្ស៉ី មុខសាលាសង្កាត់កាកាបទី១ ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅ កន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះជិះម៉ូតូធូដេ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1GO-4155 ក្នុងទិសដៅពីកើតទៅ លិចល្បឿនលឿន មកដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយ រថយន្តម៉ាក តូយ៉ូតា Rush ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-2062 បើកដោយបុរជនជាតិចិន ក្នុងទិសដៅពីកើតទៅលិច បម្រុងបត់ឆ្លងផ្លូវ បណ្តាលឱ្យនារីអ្នកបើកម៉ូតូ រងរបួសបែកត្របកភ្នែកស្តាំ ហូរឈាមជោគខ្លួន ចំណែកម៉ូតូរួញមួយកំណាត់មុខ រីឯរថយន្តបែកស្តុបខាងឆ្វេង ។
បន្ទាប់ពីកើតហេតុ នារីរងគ្រោះត្រូវបានរថយន្ត សង្គ្រោះរបស់មន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុងដឹកបញ្ជូន ទៅមន្ទីរពេទ្យព្រះកុសុមៈ ហើយក្រុមគ្រួសារ ចេញមុខដោះស្រាយ សម្របសម្រួលគ្នាជា មួយភាគីខាងរថយន្ត ដោយជនជាតិចិន ជួយចេញថ្លៃព្យាបាល របួសចំនួន៣៥០ដុល្លារ ដើម្បីបញ្ចប់រឿង នៅប៉ុស្តិ៍នគរបាល ៕