(ខេត្តកោះកុង)៖ ប្រភេទគ្រាប់បាញ់ផ្លោង១គ្រាប់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ នៅចិញ្ចើម មួយកន្លែង ក្នុងក្រុងខេមរភូមិន្ទ ដោយគ្រាប់នេះ វាបានហួស សុពលភាពប្រើ តែទោះយ៉ាងណា ដើម្បីសុវត្ថិភាព សមត្ថកិច្ចរក្សាទុកនៅ អធិការដ្ឋាន ក្រុងខេមរៈភូមិន្ទ ជាបណ្តោះអាសន្ន។
ពលរដ្ឋបាន រាយការណ៍ថា ពួកគាត់បានប្រទះ ឃើញគ្រាប់បែក១គ្រាប់ ដែលមាន ការហ៊ុព័ទនៅលើ ចិញ្ចើមផ្លូវលេខ៩៩៩ ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ពលរដ្ឋស្នើសុំដល់អាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ មេត្តាចុះពិនិត្យនិងយក វាចេញកម្ទេចចោល ចៀសវាងបង្កគ្រាះថ្នាក់ ជាយថាហេតុដល់ ពលរដ្ឋរស់នៅទីនោះ និងអ្នកធ្វើ ដំណើរតាមដង ផ្លូវដែលពុំបាន ដឹងថាមានគ្រាប់ផ្ទុះ។
ភ្លាមៗនោះ គេសង្កេតឃើញ ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ចុះពិនិត្យអង្កេត ដោយផ្ទាល់អំពី សណ្ឋាននៃគ្រាប់នេះ ដោយលោកអះ អាងថា វាជាប្រភេទ គ្រាប់ផ្លោង (អា៦០) ហួសសុពលភាព ប្រើប្រាស់ហើយ សម័យសង្រ្គាម និងគ្មានក្បាល កន្ទុយគ្រាប់ទេ មានដងខ្លួនបន្តិចប៉ុណ្ណោះ។
លោកស្នងការ សន្និដ្ឋានថា គ្រាប់មិនទាន់ផ្ទុះនេះដែរ គឺមាននរណាម្នាក់ រកឃើញ វាក្នុងទឹកសមុទ្រ រួចលើកវាឡើងលើគោក ដូច្នេះវាមិនបង្កឲ្យ គ្រោះថ្នាក់អ្វីឡើយ។ ប៉ុន្តែដើម្បីបញ្រ្ចៀស ការភ័យខ្លាច ដល់សុវត្ថិភាព ពលរដ្ឋទូទៅ លោកបានចាត់ឲ្យ កម្លាំងនគរបាលប៉ុស្តិ៍ និងកងកម្លំាង ក្រុងខេមរភូមិន្ទ យកចេញ ទៅរក្សាទុក នៅអធិការជា បណ្តោះអាសន្នសិន រង់ចាំអង្គការ Halotrust មកទទួល កម្ទេចចោលបន្ត ៕