(ខេត្តកែប)៖ បន្ទាប់ពីផ្លូវជាតិលេខ៣៣ ត្រូវបានស្ថាបនា ជួសជុលឡើងវិញ ដោយសម្រេចបាន ជិតរួចរាល់ដោយបាន ចាក់និងអ៊ុតកៅស៊ូ រួចរាល់ដោយអន្លើ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំដល់ ប្រធានស្ថានីយថ្លឹង រថយន្តត្រូវពង្រឹង ការងាររបស់ខ្លួន អោយបានល្អប្រសើរ។
ចំពោះចំណុចផ្លូវ សំខាន់ដែលត្រូវពិនិត្យ អោយបានហ្មត់ចត់ ដែលឆ្លងកាត់ តំបន់ខេត្តកែប ដោយត្រូវបានតភ្ជាប់ ពីចំណុចរូបសំណាកព្រាបស នៃភូមិសាស្ត្រស្រុកដំណាក់ចង្អើរ រហូតដល់ព្រំប្រទល់ស្រុកទឹកឈូ ខេត្តកំពត មានប្រវែង ១៨គីឡូម៉ែត្រតែប៉ុណ្ណោះ។
ដោយសារផ្លូវនេះមានការ ធ្វើដំណើរយ៉ាងមមាញឹក ពីសំណាក់អ្នកដំណើរ តាមយានយន្ត គ្រប់ប្រភេទ ជាពិសេសការ ដឹកជញ្ជូនទំនិញ ធន់ធ្ងន់មាន ដូចជា ស៉ីម៉ងត៍ ធ្យូងថ្ម និងរ៉ែគ្រប់ប្រភេទ ទើបតម្រូវអោយអ្នក គ្រប់គ្រងស្ថានីយ ថ្លឹងរថយន្តត្រូវពង្រឹង ការងារអោយបានល្អ ប្រសើរនិងហ្មត់ចត់បំផុត។
លើសពីនេះ ដើម្បីធានានិរន្តភាព នៃផ្លូវមួយខ្សែដែលបាន ជួសជុលបាន ស្អាតហើយនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញដល់ អ្នកគ្រប់គ្រងស្ថានីយ ថ្លឹងរថយន្ត ត្រូវពង្រឹងបន្ថែម គឺត្រួតពិនិត្យប្រភេទ រថយន្តដឹកធ្ងន់ៗ ដោយអនុវត្តន៍ទៅ តាមតារាងកំណត់ ទម្ងន់អតិបរមា និងទម្ងន់កម្រិតអនុគ្រោះ មិនលើសពី៥% តាមប្រភេទ យានយន្តដឹកជញ្ជូន ដែលបានកំណត់ដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន។
ការលើកឡើងបែបនេះ ក្នុងឱកាសបិទសន្និបាត របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប កន្លងទៅថ្មីៗនេះ។ ក្នុងនោះលោកអភិបាល ខេត្តបានសង្កត់ធ្ងន់ ដល់ប្រធានស្ថានីយថ្លឹង រថយន្តខេត្តកែប តាមរយ:លោកម៉ម ទូច ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូន ត្រូវធ្វើរបាយការណ៍ ប្រចាំថ្ងៃជូនដល់លោក នៃចំនួនរថយន្តឆ្លងកាត់ ស្ថានីយថ្លឹងរថយន្ត និងរថយន្តល្មើសជាដើម។
យ៉ាងណាចំពោះ របាយការណ៍ រថយន្តឆ្លងកាត់ ឬ រថយន្តល្មើស ដែលឆ្លងកាត់ តំបន់ខេត្តកែប នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ អ្នកយកព័ត៌មានមិនទាន់ បានទទួលពីប្រធាន គ្រប់គ្រងស្ថានីយថ្លឹង រថយន្តនៅឡើយទេ៕ រាយការដោយលោក សេង ណារិទ្ធ