សមត្ថកិច្ចចាប់ខ្លួនលោក ជួន គន្ធា ដែលប្រកាសចែកដី រដ្ឋជូនប្រជាពលរដ្ឋ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ កម្លាំងនគរបាល បានឃាត់ខ្លួនលោក ជួន គន្ធា តាមដីការបស់តំណាង អយ្យការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធប្រកាសយក ដីរដ្ឋទៅចែកជូនប្រជាពលរដ្ឋ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ការចាប់ខ្លួនលោក ជួន គន្ធា នេះបានធ្វើឡើងនៅ រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ នៅភោជនីយដ្ឋាន ម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានចោទប្រកាន់លោក ជួន គន្ធា ពីបទ «ប៉ុនប៉ងឆបោក និងញុះញង់ឱ្យមាន ការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិរោងម៉ាស៊ីន និងភូមិធ្នៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្រោយទទួលបានដីកា របស់តំណាងអយ្យការ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤និង២៥នាទី កម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ច នៃស្នងការដ្ឋាន ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួន ឈ្មោះ ជួន គន្ធា នៅភោជនីយដ្ឋាន ម្លប់ជម្ពូត្រជាក់ចិត្ត ផ្លូវលេខ១៩៧២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលស្រុកឱរ៉ាល់ បានបដិសេធទាំងស្រុង ចំពោះព័ត៌មានថា មានបុគ្គលឈ្មោះ «ជួន គន្ធា» ធ្វើការចែកដីជូន ប្រជាពលរដ្ឋក្រីក្រ នៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធ្មៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។

ការបដិសេធនេះ បន្ទាប់ពីមានសេចក្ដី ជូនដំណឹងមួយ របស់បុគ្គលឈ្មោះ ជួន គន្ធា បានចេញសេចក្ដីជូនដំណឹង ដោយបានអះអាងថា នឹងកាត់ដីឡូត៍ជូន ប្រជាពលរដ្ឋក្រីក្រ ក្នុងខេត្ដកំពង់ស្ពឺ ដើម្បីសាងសង់លំនៅដ្ឋាន ឬអាស្រ័យផល ស្ថិតនៅភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់។

រដ្ឋបាលស្រុកសូមអំពាវនាវ សាធារណជន អ្នកទិញដីនៅក្នុងស្រុកឱរ៉ាល់ មេត្តាទិញដីដែលមាន ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ត្រូវចៀសវាងការទិញ លក់ដីដែលមានប្រភព មិនច្បាស់លាស់ ជាពិសេសដីដែលស្ថិត នៅក្នុងតំបន់ ការពារធម្មជាតិ និងដីសាធារណៈ របស់រដ្ឋផ្សេងៗ បើមានចម្ងល់សូម ទំនាក់ទំនងមកលេខ ទូរស័ព្ទលេខ ០៩៧៧៥៥០៤៧៧។

តាមការប្រកាស នៅលើបណ្តាញសង្គម លោក ជួន គន្ធា បានប្រកាសចែកជូនដី ជូនប្រជាពលរដ្ឋក្រីក្រក្នុងទំហំ ១០ម៉ែត្រ គុណនិង ៣០ម៉ែត្រ តែត្រូវចេញលុយម្នាក់ៗ ៤៥០ដុល្លារ ជាថ្លៃរដ្ឋបាល និងការឈូសឆាយដី ខណៈដីនៅតំបន់នោះ បើគិតជាតម្លៃក្នុង មួយម៉ែត្រការ៉េ គឺថោកមែនទែន មិនសមនឹងទំហំដី នេះឡើយ ដូច្នេះ គេចាត់ទុកថា ជាអំពើឆបោកថ្មី មួយទៀតនៅក្នុងសង្គម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *