(ខេត្តមណ្ឌលគិរី)៖ មនុស្សប្រុសស្រីចំនួន ៤នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងរងរបួសចំនួន២នាក់ ដោយសារផ្ទុះគ្រាប់បេ៤១ សំណល់សល់ពីសង្គ្រាម។ ហេតុការណ៍នេះបាន កើតឡើងកាលពីថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០២៤ ជនរងគ្រោះ រស់នៅក្នុងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
បើតាមការបញ្ជាក់ពី ស្ត្រីរងរបួសនៅក្នុង ហេតុការណ៍នោះ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៤ ពួកគាត់បានចេញ ដំណើរពីលំនៅឋាន ដើម្បីទៅរកផល អនុផលព្រៃឈើ (ជ័រចុង) ដើម្បីយកមកលក់ដោះ ដូរជីវភាពប្រចាំថ្ងៃ ដែលមានចម្ងាយ ប្រហែលជា ១០គីឡូម៉ែត្រ ។
ពួកគាត់មានចំនួន ២គ្រួសារ ស្មើនឹង៦នាក់ ហើយក៏បានឈប់សម្រាក នៅក្រោមដើមឈើក ន្លែងកើតហេតុ ពេលនោះក្មេងប្រុស ម្នាក់មានអាយុ១០ឆ្នាំ បានប្រទះឃើញគ្រាប់បេ៤១ និងបានលើកយក មកបង្ហាញ។ នៅពេលនោះ ជីតាបានស្រែកប្រាប់ថា កុំលេងប្រយ័ត្នផ្ទុះ ។ នៅពេលនោះស្ត្រីដែលរងរបួស បាននាំកូនតូចអាយុ៦ឆ្នាំ ចេញពីចំណុចនោះ តែមិនបានប៉ុន្មានផង គ្រាប់បេនោះបានរបូត ពីដៃក្មេងប្រុសធ្លាក់ មកបុកនឹង ដីបណ្តាលឱ្យផ្ទុះ ។
បន្ទាប់មកស្ត្រីនិងក្មេងស្រី រងរបួសបានធ្វើដំណើរ មកភូមិរកគេជួយ និងរាយការណ៍ មកមន្ទីរពេទ្យបង្អែកក្រុង សែនមនោរម្យ ដើម្បីជួយសង្គ្រោះ។ ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងនៃស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី បានសហការជា មួយកម្លាំងអធិការដ្ឋាន ក្រុងសែនមនោរម្យ ចុះទៅកន្លែងកើតហេតុ បានឃើញសពជន រងគ្រោះប្រុសស្រីទាំង ៤នាក់ស្លាប់យ៉ាង អាណោចអាធ័ម និងពិនិត្យអំបែង គ្រាប់បានសន្និដ្ឋានថា គ្រាប់ដែលផ្ទុះ គឺគ្រាប់បេស៤១ ។
ចំពោះសពប្រុសស្រី ចំនួន៤នាក់ត្រូវបាន សមត្ថកិច្ចនិងបងប្អូន ប្រជាពលរដ្ឋធ្វើការបញ្ចុះ នៅទីតាំងម្ដុំកើតហេតុនោះ ដោយសារអបិយជំនឿ ជនជាតិដើមភាគ តិចព្នងថាចង្រៃ មិនឱ្យយកសពមក តម្កល់ធ្វើបុណ្យប្រពៃណី នៅក្នុងភូមិឡើយ។
ជនរងគ្រោះដែលស្លាប់ទី១-ឈ្មោះ ជើម ក្លឹប ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិព្នង,ទី២-ឈ្មោះ ក្លេវ ដា ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិព្នង,ទី៣-ឈ្មោះ ដា ហាត់ ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិព្នង និងទី៤-ឈ្មោះ ដា សា ភេទប្រុស អាយុ ១០ឆ្នាំ ជនជាតិព្នង ។ ចំណែកអ្នករងរបួសទី១-ឈ្មោះ តែក ខ្លូង ភេទស្រី អាយុ ៣៦ ឆ្នាំ ជនជាតិព្នង និងទី២-ឈ្មោះ ដា វាសនា ភេទស្រី អាយុ ៦ឆ្នាំ ជនជាតិព្នង៕