(សហព័ន្ធស្វីស)៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលរសៀល នៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញស្ដាប់បទ បង្ហាញលើប្រធានបទចំនួន២ គឺ “ប្រព័ន្ធនយោបាយស្វីស” និង “តួនាទី ទីក្រុង” ។ បទបង្ហាញនេះបានធ្វើឡើងនៅ សាលប្រជុំសណ្ឋាគារ Bern ទីក្រុង Bern នៃសហព័ន្ធស្វីស។
ប្រធានបទ «ប្រព័ន្ធនយោបាយស្វីស» ត្រូវបានលោកសាស្ត្រាចារ្យ Sean Muller នៃសាកលវិទ្យាល័យ Lausanne គូសបញ្ជាក់អំពី លទ្ធិប្រជាធិបតេយ្យ ការចូលរួម និងការពិគ្រោះយោបល់ ដោយផ្ទាល់ រដ្ឋាភិបាលពហុភាគី ការគ្រប់គ្រងពិពិធកម្ម គោលការណ៍នៃ ការសម្របសម្រួល សហព័ន្ធនិងវិមជ្ឈការ អភិបាលកិច្ចពហុកម្រិត កិច្ចសហប្រតិបត្តិការខ្សែបណ្ដោយ និងខ្សែទទឹង។
ចំណែកប្រធានបទ «តួនាទីទីក្រុង» ត្រូវបានលោកបណ្ឌិត Turg Wichermann ដែលជាប្រធាន សមាគមសម្ព័ន្ធទីក្រុង នៃរដ្ឋ Bern សហព័ន្ធស្វីស គូសបញ្ជាក់អំពីភារកិច្ច និងមូលនិធិសម្រាប់ទីក្រុង ការចូលរួមជាមួយពលរដ្ឋ យន្តការនៃការត្រួតពិនិត្យ កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងខ្សែបណ្ដោយ ខ្សែទទឹង និងតួនាទីរបស់សមាគមទីក្រុង។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងគណ:ប្រតិភូកម្ពុជា បានផ្លាស់ប្តូរយោបល់ និងពិភាក្សាយ៉ាង ផុសផុលជាមួយ លោកស្រ្តាចារ្យវាគ្មិនទាំងពីរ ដោយបានប្រៀបធៀប ចំណុចស្រដៀងគ្នា និងចំណុចខុសគ្នា អំពីតួនាទី និងការទទួលខុស ត្រូវរវាងទីក្រុងនៃ ប្រទេសទាំងពីរ លើការងារផ្តល់ សេវាជូនប្រជាពលរដ្ឋ កិច្ចការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម បម្រើដល់ការអភិវឌ្ឍរីក ចម្រើនសេដ្ឋកិច្ច-សង្គម។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ក្រសួង មហាផ្ទៃ ថ្នាក់ដឹកនាំនៃគណៈ កម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ (គ.ជ.ប.ជ) និងថ្នាក់ដឹកនាំជា ស្ត្រីនៃរដ្ឋបាលថ្នាក់ ក្រោមជាតិ បំពេញទស្សនកិច្ច នៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។
ដំណើរទស្សនកិច្ច នេះធ្វើឡើងក្នុងគោល បំណងដកស្រង់បទពិសោធ បន្ថែមលើប្រព័ន្ធ គ្រប់គ្រង និងការអនុវត្តល្អៗពីសហព័ន្ធស្វីស និងសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ដើម្បីបន្តជំរុញដំណើរ ការកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងការលើកកម្ពស់អភិបាល កិច្ចមូលដ្ឋាននៅ ព្រះរាជាណាចក្រកម្ពុជា។
អាល្លឺម៉ង់ គឺជាប្រទេសរួមចំណែក យ៉ាងសកម្មក្នុងកំណែ ទម្រង់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ រួមទាំងកំណែ ទម្រង់រដ្ឋបាលសាធារណៈ ចាប់តាំងពីឆ្នាំ២០០២។
ចំណែកស្វីសឯណោះវិញ ក៏បាននឹងកំពុងរួម ចំណែកគាំទ្រដល់កំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រួមទាំងការពង្រឹង គណនេយ្យភាពសង្គម៕