(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ១៨ខែមេសា ឆ្នាំ ២០២៤នេះ បានថ្លែង តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុកផ្លូវការ យ៉ាងដូច្នេះថា៖ មោទកភាពកម្ពុជា. នេះជាការវិយោគ ផ្ទាល់របស់ក្រុម Royal Railway Cambodia(RRC)។
លោកអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា យើងមានសុទិដ្ឋិនិយម ចំពោះគម្រោងធ្វើឲ្យ ប្រសើរឡើង នៃវិស័យដឹកជញ្ជូនផ្លូវដែក របស់កម្ពុជាទាំង កម្រិតសុវត្ថិភាព ល្បឿននិងប្រសិទ្ធភាព នៃការដឹកជញ្ជូន ដែលមានតម្លៃថោក ដើម្បីប្រកួត ប្រជែងលើវិស័យឡូជីស្ទីក។
RRC ជាក្រុមហ៊ុនផ្តល់សេវាកម្ម ដឹកជញ្ជូនតាមផ្លូវដែក និងជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។
ថ្មីៗនេះ ក្រុមហ៊ុនបានទិញក្បាលម៉ាស៊ីន រថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន ហើយកំពុងតែដឹកជញ្ជូន តាមកប៉ាល់មក កាន់ប្រទេសកម្ពុជា។
សូមជម្រាបថា រថភ្លើងប្រភេទ DMU (Diesel Multiple Unit) ចំនួន១១ គ្រឿងដែលក្រុមហ៊ុនRRC បានទិញពីប្រទេសជប៉ុន ជាប្រភេទរថភ្លើងដែល អាចដំណើរការដោយខ្លួនឯង ដោយមិនចាំបាច់ ប្រើក្បាលម៉ាស៊ីនរថភ្លើង សម្រាប់អូសទាញទូររថភ្លើង។
បញ្ជាក់៖ លក្ខខណ្ឌ នៃការប្រើប្រាស់ នឹងត្រូវធ្វើឡើងឲ្យ ស្របទៅនឹងបរិបថ ផ្លូវដែកនៅកម្ពុជា៕