ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤ បានបង្ហាញនូវមហាកម្លាំង សាមគ្គីភាព ភាតរភាពរវាងខ្មែរ និងខ្មែរក្រោមម្លប់នៃសុខសន្តិភាព ដ៏ត្រជាក់របស់កម្ពុជា

(ខេត្តព្រៃវែង )៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” រយៈពេល ៤ថ្ងៃកន្លងមកនេះ ក្រៅពីបានចូលរួមចំណែកក្នុង ការថែរក្សានូវទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកតាំងពី សម័យកាលដ៏យូរលង់ណាស់មកហើយ កុំឱ្យបាត់បង់នោះ វាក៏ជា សក្ខីភាពបង្ហាញនូវមហាកម្លាំងសាមគ្គីភាព ភាតរភាពរវាងខ្មែរ និងខ្មែរនៅក្រោមដំបូល នៃម្លប់សុខសន្តិភាពដ៏ត្រជាក់របស់កម្ពុជាផងដែរ។

ការថ្លែងបែបនេះក្នុងឱកាស ដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះ សំណាល និងថ្លែងអំណរគុណដល់កងកម្លាំង ក្រុមគ្រូពេទ្យ បុគ្គលិកអនាម័យ និងក្រុមការងាររៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណសាលាខេត្តព្រៃវែង។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃអនុគណៈកម្មការ ក្រុមការងារពាក់ព័ន្ធ ជាពិសេសកងកម្លាំង ក្រុមគ្រូពេទ្យ និងបុគ្គលិកអនាម័យ បរិស្ថានទាំងអស់ ដែលបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ធ្វើឱ្យព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង២០២៤” រយៈពេល ៤ថ្ងៃកន្លងមកនេះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែង របស់ រដ្ឋបាលខេត្តព្រៃវែង ក៏ដូចជាអង្គភាពពាក់ព័ន្ធ គ្រប់ផ្នែកទាំងអស់ ទាំងអង្គភាពស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ  ជាពិសេសក្រុមយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ខេត្តព្រៃវែង ដែលបានយកចិត្តទុកដាក់ បំពេញការងាររបស់ខ្លួន ទៅតាមតួនាទី និងភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ រក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយល្អ បង្កបរិយាកាសសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ ដែលបានអញ្ជើញមកលេង និងទស្សនាកម្សាន្តក្នុង ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤ នេះ ដោយពុំមានការភ័យខ្លាច និងសុខសុវត្ថិភាព។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានគូសបញ្ជាក់ដែរថា តាមរយៈការចូលរួមដោយ ផ្ទាល់របស់ឯកឧត្តម  នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤ ក្នុងសកម្មភាពនានា ទាំងសកម្មភាពសាសនា ក៏ដូចជាប្រពៃណីទំនៀមទម្លាប់ រួមទាំងការចូលរួមលេងល្បែង ប្រជាប្រិយខ្មែរមួយចំនួនផងនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់ឃើញ នូវស្នាមញញឹមនៅលើ ផ្ទៃមុខបង្កប់ដោយភាព សប្បាយរីករាយ ប្រកបដោយក្តីសង្ឃឹម ជឿជាក់របស់លោកយាយ លោកតា ពុកម៉ែ អ៊ំ ពូមីង បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារីរបស់យើង ចំពោះការដឹកនាំ ប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាងនេះទៅទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏មានជំនឿជឿជាក់ថា ស្នាមញញឹមបែបនេះ មិនមែនកើតឡើងសម្រាប់ ប្រជាពលរដ្ឋខេត្តព្រៃវែងប៉ុណ្ណោះទេ ស្នាមញញឹមប្រកបដោយ ក្តីសង្ឃឹមនេះ ក៏មុខជាឃើញប្រាកដឡើងនៅ លើផ្ទៃមុខរបស់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសដូចគ្នាជាក់ជាមិនខាន។

នេះហើយជាផ្លែផ្កានៃសុខសន្តិភាព និងស្ថិរភាពនយោបាយ កើតចេញពីលទ្ធផល នៃនយោបាយឈ្នះឈ្នះ  ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាស្ថាបនិក។

ឯកឧត្តមអភិសន្តិបណ្ឌិត បន្តទៀតថា ពាក់ព័ន្ធនឹងការរៀបចំ ព្រឹត្តិការណ៍សង្ក្រាន្តនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានថ្លែងនៅពេល ដែលសម្តេច អញ្ជើញបើកព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅខេត្តសៀមរាប ថា “សុខសន្ដិភាពស្ថិរភាពខាងនយោបាយ គឺជាកត្តាដ៏សំខាន់ ដែលផ្ដល់ឱកាសសម្រាប់ការ សប្បាយរីករាយរបស់ប្រជាជនយើង គ្មានការសប្បាយណាមួយ ដែលអាចកើតឡើងនៅក្រោម គ្រាប់បែក គ្រាប់ផ្លោង និងក្នុងសង្រ្គាមនោះទេ”៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *