អត្ថបទ រូបភាព ដោយៈសេង ណារិទ្ធ
ខេត្តកែប៖ លោក ងិន ងិនដា អភិបាលរងខេត្តកែប និងជាអនុប្រធានគណៈកម្មាធិការរណសិរ្សអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកែប នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ បានទទួលស្វាគមន៍ លោកជំទាវ ឡេ ធីវេ សមាជិកគណៈកម្មាធិការមជ្ឈិមរណសិរ្សវៀតណាម និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាមខេត្តគៀងយ៉ាង ក្នុងដំណើរជួបសំណេះសំណាល និងជូនពរគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកែប ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស ២០២៤ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
ក្នុងជំនួបនោះ លោកជំទាវ ឡេ ធីវេ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តគៀងយ៉ាង បានស្ងើចសរសើរ ចំពោះសមិទ្ធផលដែលខេត្តកែប សម្រេចបាននាឆ្នាំកន្លងមក និងសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំងពីរ កែប គៀនយ៉ាង។
ប្រធានប្រតិភូវៀតណាមបញ្ជាក់ថា ខេត្តកែប និង គៀនយ៉ាង នៅតែបន្តកិច្ចសហការយ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីរួមចំណែកពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែងរវាងប្រទេសទាំងពីរ និយាយរួម រវាងខេត្តគៀនយ៉ាង ជាមួយខេត្តកែប និយាយដោយឡែក ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។
លោកជំទាវបន្តថា នេះជាសកម្មភាព ការបរទេស ដ៏សំខាន់មួយទាក់ទិននឹងការអនុវត្តកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ដែលរួមចំណែក ធ្វើឱ្យទំនាក់ទំនងជាប្រពៃណី សាមគ្គីភាព មិត្តភាព កាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត។
លោក ងិន ងិនដា អភិបាលរងខេត្តកែប មានប្រសាសន៍ថា ក្នុងនាមរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកែប ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋទូទាំងខេត្តកែប មានសេចក្តីរីករាយ ដោយបានទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូរណសិរ្សមាតុភូមិវៀតណាមខេត្តគៀនយ៉ាង ដែលដឹកនាំដោយ លោកជំទាវ ឡេ ធីវេ សមាជិកគណៈកម្មាធិការមជ្ឈិមរណសិរ្សវៀតណាម និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាមខេត្តគៀងយ៉ាង ដែលបានអញ្ជើញមកជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកែបនាពេលនេះ។
លោកអភិបាលរងខេត្តបន្ថែមថា ឈរលើស្មារតីសាមគ្គីភាព មិត្តភាពរវាងប្រជាជននៃខេត្តទាំងពីរ (កែប-គៀនយ៉ាង) បានរៀបចំ ប្រតិភូទៅទស្សនកិច្ច និងសួរសុខទុក្ខគ្នាទៅវិញទៅមកជាប់ជាប្រចាំ និងបានជួយឧបត្ថម្ភគ្នាទៅវិញទៅមក សកម្មភាពទាំងនេះ គឺពិតជាបានឆ្លើយតបចំពោះឆន្ទៈនយោបាយដ៏មោះមុត របស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ ដែលជានិច្ចកាលបានប្តេជ្ញាចិត្តក្នុងការថែរក្សា ពង្រឹង ពង្រីកចំណងទំនាក់ទំនងជាមិត្តភាព និងជាប្រពៃណីរវាងប្រទេសទាំងពីរ និងបានបង្ហាញឲ្យយើងឃើញកាន់តែច្បាស់ថែមទៀតនូវ គោលបំណង និងឆន្ទៈដូចគ្នា គឺរួមរស់ជាបងប្អូន ភូមិផងរបងជាមួយគ្នា ដោយសុខសន្តិភាព បន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែម៕