អត្ថបទ រូបភាព ដោយៈ សេង ណារិទ្ធ
ខេត្តកែប៖ កាលពីរសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីត្រួតពិនិត្យធាតុចូល សម្រាប់រៀបចំផែនការយុទ្ធសាស្រ្តថវិការបស់រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត សម្រាប់កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧) របស់រដ្ឋបាលខេត្ត ក្នុងកិច្ចប្រជុំនេះដែរ ក៏មានចូលរួមពីគ្រប់ភាគីពាក់ព័ន្ធសរុបចំនួន ៤៦រូប។
មានប្រសាសន៍ដឹកនាំកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ លើកឡើងថា ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត គឺជាការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ និងលិខិតបទដ្ឋានតិយុត្តិនានាដែលបានកំណត់ មកដល់ពេលនេះការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧)របស់រដ្ឋបាលខេត្តបានប្រព្រឹត្តទៅដោយរលូន និងបានបញ្ចប់សកម្មភាព១.១ និងបានបូកសរុប សកម្មភាព១.២ និង១.៣ (ជំហានទី១) ដោយទទួលបានបញ្ជីគម្រោងតម្រូវការអាទិភាពរបស់ មូលដ្ឋានទូទាំងខេត្ត រួចរាល់ ។ មកដល់ពេលនេះក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត បាននឹងកំពុងបន្តរៀបចំដំណើរការសកម្មភាព ១.៤(ជំហានទី១) ក្នុងគោលបំណង រៀបចំផែនការយុទ្ធសាស្រ្តថវិការបស់រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត សម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧) របស់រដ្ឋបាលខេត្ត ឱ្យមានភាពជាក់លាក់ មានការចូលរួមពីគ្រប់ភាគីអ្នកពាក់ព័ន្ធ អាចអនុវត្តបាន និងមានសង្គតិភាព ជាមួយក្របខ័ណ្ឌអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំរបស់រដ្ឋបាលខេត្ត។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមបណ្ឌិត សូមអោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត និងអ្នកពាក់ព័ន្ធត្រូវយល់ច្បាស់អំពីដំណើរការ និងសារសំខាន់នៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងពិនិត្យលើឈ្មោះ ខ្លឹមសារគម្រោងទាំងអស់ឱ្យមានសង្គតិភាពជាមួយគោលដៅអភិវឌ្ឍន៍ខេត្ត ពិចារណាពីភាពសមស្រប រវាងខ្លឹមសារគម្រោង ភាពមិនច្បាស់ឈ្មោះគម្រោង សកម្មភាពជាមួយតួនាទី លទ្ធភាព សមត្ថភាពរបស់អង្គភាព ជៀសវាងការបូកសរុបត្រួតគ្នា។ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់ របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក អ្នកពាក់ព័ន្ធនានា និងសមាជិកក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត ជាពិសេសមន្ទីរផែនការខេត្ត ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឱ្យទទួលបានលទ្ធផលគួរជាទីពេញចិត្ត និងទាន់ពេលវេលា៕