(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី ២៦ ឆ្នាំ២០២៤។
សូមអានប្រសាសន៍សំខាន់ៗ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
-សម្តេចធិបតី ថ្លែងសូមពាំនាំនូវក្ដីនឹករឭក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ ជូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ បងប្អូន សិល្បករ សិល្បការិនីទាំងអស់ ដែលកន្លងមកជារៀងរាល់ឆ្នាំ ទោះជាមានភាព មមាញឹកយ៉ាងណាក៏ សម្ដេចតេជោ មិនអាក់ខានក្នុងការ ចូលរួមពិធីដ៏ មានសារៈសំខាន់ នៃទិវាវប្បធម៌ជាតិនេះ។
-សម្តេចធិបតី ថ្លែងថា សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើការថ្លែង អំណរគុណជាថ្មី ចំពោះការចូលរួម យ៉ាងសស្រាក់សស្រាំ របស់សិល្បករ-សិល្បការិនី, ទាំងក្នុង និងក្រៅប្រព័ន្ធ និងគ្រប់ទម្រង់សកម្មភាពវប្បធម៌ និង សិល្បៈ, ជាពិសេស ជោគជ័យនៃការសម្តែង ប្រកបដោយទេពកោសល្យ និង វប្បធម៌ខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ា ហ្គេមនាពេលកន្លងទៅ ក៏ដូចជាព្រឹត្តិការណ៍ផ្សេងៗទៀត, ទាំងកម្រិតជាតិ និងអន្តរជាតិ ដែលបានរៀបចំ, ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្រៅប្រទេស។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ពាក្យស្លោកដែលតែងឮ តែងនិយាយគ្រប់ទីក ន្លែង គឺ«ទំពាំងស្នងឫស្សី» បានក្លាយជាគោល នយោបាយនៅក្នុង យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល នៅអាណត្តិទី៧ នេះ ដោយជំរុញការបណ្ដុះ បណ្ដាលធនធានមនុស្ស ឱ្យកាន់តែខ្លាំងថែមទៀត។
-សម្ដេចធិបតី ថ្លែងស្នើដល់គ្រប់ស្ថានទូត និងស្ថានកុងស៊ុលកម្ពុជា ប្រចាំនៅប្រទេសនានា បង្កើនការរៀបចំព្រឹត្តិការណ៍វប្បធម៌ខ្មែរ ដើម្បីពង្រីកវប្បធម៌ការទូត។
-សម្តេចធិបតី ថ្លែងថា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ត្រូវបន្តកិច្ចសហការជា មួយក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បំផុសសកម្មភាព គ្រប់ស្ថានទូត និង ស្ថានកុងស៊ុល កម្ពុជាប្រចាំនៅបរទេស រៀបចំព្រឹត្តិការណ៍ វប្បធម៌ខ្មែរឱ្យបាន ទៀងទាត់ជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិ ជាមួយនឹងការ ពង្រឹងនយោបាយ វប្បធម៌ការទូត ហើយត្រូវបំផុសឱ្យ សហគមន៍ខ្មែរនៅបរទេស ចូលរួមរៀបចំកម្ម វិធីទិវាវប្បធម៌ជាតិឱ្យ បានអធិកអធម និងទូលំទូលាយ។
-សម្តេចធិបតី ថ្លែងថា ការទន្ទ្រានកាន់កាប់, ការទាមទារយកជាកម្មសិទ្ធិ, ការជួញដូរដីធ្លីដែល ប៉ះពាល់ដល់ តំបន់ការពារបុរាណ ដ្ឋានគ្រប់ប្រភេទ និងការជីក កកាយខុសច្បាប់ សុទ្ធតែជាទង្វើ ដែលប្រាសចាកពី សេចក្តីស្រឡាញ់ ចំពោះវប្បធម៌ជាតិ។ ពាក់ព័ន្ធបញ្ហានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង គ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តចាត់វិធានការអប់រំ ទប់ស្កាត់ និងប្រើប្រាស់នីតិវិធី ច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ដើម្បីការពារឱ្យបាននូវ គ្រប់ប្រភេទបេតិកភណ្ឌ ដោយ ត្រូវជំរុញផងដែរ នូវការកំណត់ព្រំការពារ និង ការលើកស្លាក សញ្ញាសម្គាល់ឱ្យបានច្បាស់លាស់។
-សម្តេចធិបតី ថ្លែងថា ជាការពិត, សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា ឆ្លុះបញ្ចាំងនូវលក្ខណៈដ៏ផូរផង់របស់ជាតិ ដែលការរៀបចំឱ្យមាន ការប្រារព្ធទិវាវប្បធម៌ជាតិ ជារៀងរាល់ឆ្នាំគឺពិតជា មានសារៈសំខាន់។
-សម្តេចធិបតី ថ្លែងបញ្ជាក់ថា ២៥ឆ្នាំកន្លងមកនេះ, ទិវាវប្បធម៌ជាតិនៅតែ ជាព្រឹត្តិការណ៍ដ៏ធំ និងទៀងទាត់ ហើយដែលតែងតែប្រារព្ធ ក្រោមប្រធានបទសំខាន់ៗ។ ក្នុងរយៈពេល៩ឆ្នាំ ជាប់គ្នាចុងក្រោយនេះ, រាជរដ្ឋាភិបាលបាន កំណត់យកប្រធាន បទតែមួយគឺ «យុវជនដើម្បី វប្បធម៌ជាតិ»។
-សម្តេចធិបតី ថ្លែងថា តម្រូវការនៃការ ចូលរួមរបស់យុវជន ក្នុងវិស័យសិល្បៈវប្បធម៌ ដើម្បីសេដ្ឋកិច្ចសង្គម និង ការទប់ស្កាត់អំណាច នៃការឆ្លងរាលដាល របស់វប្បធម៌ដទៃ ដែលអាចប៉ះពាល់ដល់ លក្ខណៈដើមនៃវប្បធម៌យើង។
-សម្តេចធិបតី ថ្លែងថា ពាក្យថា «គោរពស្រឡាញ់វប្បធម៌ជាតិ» ជាពាក្យងាយស្រួលនិយាយ, ប៉ុន្តែដើម្បីឱ្យមានការគោរព ស្រឡាញ់ពិតប្រាកដ ជាដំបូងយើង ត្រូវមានចំណេះដឹង ឬត្រូវយល់ដឹងឱ្យបានល្អ អំពីសិល្បៈវប្បធម៌ជាតិ និងការចូលរួមគ្រប់ រូបភាពដល់ការការពារ និងការលើកស្ទួយ វប្បធម៌ជាតិយើង។
-សម្តេចធិបតី ថ្លែងថា ប្រជាជនខ្មែរគ្រប់រូបសុទ្ធ តែមានសេចក្តីគោរពស្រឡាញ់, ប៉ុន្តែការយល់ដឹង មិនគ្រប់ជ្រុងជ្រោយ ងាយនឹង នាំទៅដល់សកម្មភាពនានា ដែលបង្កផលប៉ះ ពាល់ជាអវិជ្ជមានដល់សិល្បៈ វប្បធម៌ជាតិ ដោយមិនដឹងខ្លួន។ ដូច្នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនជា សិល្បករ សិល្បការិនី ត្រូវបន្តកិច្ចខិតខំរួមគ្នា បង្កើតឱ្យបាននូវអត្ថបទ រូបភាព ក៏ដូចជាភាពយន្តខ្លីៗ ដែលបង្កប់ដោយការអប់រំ និង ភាពទាក់ទាញ ចំពោះការយល់ ដឹងរបស់យុវជន។
-សម្តេចធិបតី ថ្លែងថា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ត្រូវបង្កើនកិច្ចសហការ ដោយផ្ទាល់ជាមួយ មជ្ឈដ្ឋាន ជំនាញ សិល្បៈលើកទឹកចិត្ត ឧបត្ថម្ភជាជំនួយសម្ភារៈ បច្ចេកទេសដល់ក្រុមយុវជន ដែលកំពុង ផ្តោតលើការស្រាវជ្រាវ និងបង្កើតស្នាដៃថ្មីៗ នៃសិល្បៈទស្សនីយភាព ចម្រៀង ភាពយន្ត វីដេអូ និង ស្នាដៃវប្បធម៌ផ្សេងៗទៀត ដោយត្រូវរក្សាឱ្យ បាននូវអត្តសញ្ញាណ ក្រមសីលធម៌វិជ្ជាជីវៈ និង មានលក្ខណៈប្រកួតប្រជែង ។
-សម្តេចធិបតី អំពាវនាវ និងជំរុញយុវជន ឱ្យផ្ដោតលើការពង្រឹងគុណភាព ប្រណិតភាព ម៉ាកយីហោផលិតផល ចៀសវាងការលួចចម្លង នូវរាល់ផលិតផលសិល្បៈនានា, ទាំងបុរាណ សម័យ និង ផលិតផលច្នៃ ប្រតិដ្ឋថ្មី ដើម្បីលើកកម្ពស់ការផលិត និង ពង្រឹងការទទួលស្គាល់ ទំនុកចិត្ត និងទីផ្សារ។
-សម្តេចធិបតី សូមលើកទឹកចិត្តឱ្យបង្កើន ចំនួនយុវជនជំនាញ ជំនាន់ក្រោយ ដើម្បីមានឱកាសកាន់ តែធំចូលរួមក្នុង ការបណ្តុះបណ្តាល ស្រាវជ្រាវ ចងក្រង និង ផ្សព្វផ្សាយវប្បធម៌ជាតិ, ជាពិសេសលើការងារសិល្បៈ និងទម្រង់សម្លៀក បំពាក់ប្រពៃណី។ បច្ចុប្បន្នមហាជន ជាពិសេស យុវជនវ័យក្មេង កំពុងពេញនិយម និង មានមោទនភាពខ្ពស់ ក្នុងការប្រើប្រាស់ សម្លៀកបំពាក់ប្រពៃណី, ប៉ុន្តែការយល់ច្បាស់ពីទម្រង់ និងរបៀបរបបប្រើប្រាស់ នៅមានភាពស្រពិចស្រពិល បង្កការភ័ន្តច្រឡំ និង ប្រើប្រាស់ខុស។
-សម្តេចធិបតី ថ្លែងថា ការផលិត និងការច្នៃប្រតិដ្ឋ ផលិតផលសិល្បៈ នៅមានកម្រិតកំណត់ ជាមួយថ្លៃខ្ពស់ ដែលការណ៍នេះធ្វើ ឱ្យផលិតផលរបស់យើង ពុំមានភាពប្រកួតប្រជែង។ ស្នើឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សិក្សាលើវិធានការ លើកទឹកចិត្តចាំបាច់នានា ដើម្បីជំរុញការផលិត និងការច្នៃប្រឌិត ផលិតផលសិល្បៈ ឱ្យមានភាពទាក់ទាញ និងភាពប្រកួតប្រជែងខ្ពស់។
-សម្តេចធិបតី ថ្លែងថា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងការងារពាក់ព័ន្ធ នឹងកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល ទប់ស្កាត់ការលួចចម្លងស្នាដៃ ធ្វើវិសោធកម្មក្របខណ្ឌគតិយុត្តិ ពាក់ព័ន្ធឱ្យត្រូវនឹងស្ថានភាព ជាក់ស្ដែងនៃបច្ចេកវិទ្យា និង កិច្ចសហការអន្តរជាតិ។
-សម្តេចធិបតី ថ្លែងថា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្ត ទុកដាក់ថែរក្សាការពារ និងបង្ក្រាបរាល់បទល្មើស ឱ្យបានទាន់ពេល ប្រកបដោយ ប្រសិទ្ធភាពនៅតាម ទីតាំងតំបន់ប្រាសាទ រមណីយដ្ឋាន ប្រវត្តិសាស្ត្រ វត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ ដែលមានអាយុកាលរាប់រយឆ្នាំ នៅតាមមូលដ្ឋាននៅទូទាំងប្រទេស។
-សម្ដេចធិបតី ថ្លែងថា ពាក្យថាស្រឡាញ់វប្បធម៌សិល្បៈជាតិ គឺងាយស្រួលនិយាយ តែដើម្បីឱ្យមាន ការគោរពស្រឡាញ់ពិតប្រាកដ ជាដំបូងទាមទារ ឱ្យមានចំណេះដឹង ត្រូវយល់ដឹងអំពី សិល្បៈវប្បធម៌ជាតិ។
-សម្ដេចធិបតី បញ្ជាក់ថា ស្រឡាញ់វប្បធម៌ ត្រូវតែចូលរួមការពារ និងលើកស្ទួយវប្បធម៌ជាតិ ត្រូវតែបង្កើនការ បណ្ដុះបណ្ដាល បញ្ជ្រាបការយល់ដឹង បង្កើនឱកាសនៃការចូលរួម បង្កើនឱ្យមានភាពទាក់ ទាញមហាជនកាន់តែខ្លាំង ដល់មហាជនទូទៅ ជាពិសេសយុវជន។ ជាពិសេសត្រូវពង្រឹង សេចក្ដីគោរពស្រឡាញ់ របស់យុវជនទៅវប្បធម៌ទាំងរូបិយ និងអរូបី។
-សម្ដេចធិបតី បានបញ្ជាឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយក្រសួងពាក់ព័ន្ធ ត្រូវចូលរួមបង្ក្រាបឱ្យបានទាន់ពេលវេលា រាល់បុគ្គលទាំងឡាយ ណាដែលមានចេតនា បំផ្លាញសំណង់ប្រវត្តិ សាស្ត្ររបស់កម្ពុជា។
-សម្ដេចធិបតី ថ្លែងសង្កត់ធ្ងន់ថា “ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ត្រូវ បន្តយកចិត្តទុកដាក់ថែទាំ ថែរក្សាការពារ និងបង្ក្រាប រាល់បទល្មើសឱ្យ ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពនៅ តាមទីតាំងប្រាសាទ រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ដែលមាន អាយុកាលជាច្រើនរយឆ្នាំ នៅតាមមូលដ្ឋាន នៅទូទាំងប្រទេស”។
-សម្ដេចធិបតី ណែនាំដល់ ក្រសួងពាក់ព័ន្ធត្រូវបន្តរួមគ្នា ធ្វើបញ្ជីរសារពើភ័ណ្ឌ គ្រប់ទីតាំងនៃបេតិ កភណ្ឌរូបិយឱ្យបានសព្វគ្រប់ ដើម្បីជៀសវាង ការរំលោភបំពាន។ សម្ដេចក៏បានបញ្ជាឱ្យទាមទារ មកវិញរាល់សម្បត្តិ វប្បធម៌របស់ជាតិ ដែលបានបាត់បង់ ក្នុងសម័យសង្គ្រាម។
-សម្ដេចធិបតី ថ្លែងបញ្ជាឱ្យ ក្រសួងវប្បធម៌ធ្វើការ ជាមួយក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយនូវ សក្ដានុពលទេសចរណ៍វប្បធម៌ ជាតិឱ្យបានទូលំទូលាយ តាមគ្រប់រូបភាព សម្រាប់ទេសចរណ៍ជាតិ និងអន្តរជាតិ សំដៅ លើកកម្ពស់វប្បធម៌ជាតិ រួមចំណែកជំរុញកំណើន សេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ៕