(ខេត្តក្រចេះ)៖ នាពេលកន្លងមក រដ្ឋបាលខេត្តក្រចេះ បានសង្កេតឃើញថា សត្វផ្សោតរស់នៅ តាមដងទន្លេមេគង្គ ជាពិសេសរស់នៅ តំបន់អន្លង់ផ្សោតកាំពី និងជ្រោយបន្ទាយ ភាគច្រើនបានរងការ ស្លាប់ដោយការប្រើប្រាស់ ឧបករណ៍នេសាទ ហាមឃាត់ដូចជា អាំងវែកទ័រឆក់ត្រី មងគ្រប់ប្រភេទ និងសន្ទូចរនងនៅ ក្នុងកន្លែងដែលផ្សោត រស់នៅ ពិសេសអន្លង់ ផ្សោតកាំពី និងជ្រោយបន្ទាយ ដោយអ្នកនេសាទ បានលួចប្រព្រឹត្ត នៅពេលយប់ ទោះបីជាមន្ត្រីជំនាញ ឆ្មាំទន្លេ អាជ្ញាធរពាក់ព័ន្ធ និងសហគមន៍នេសាទ ខិតខំទប់ស្កាត់ និងបង្ក្រាបជាច្រើនករណី មកហើយក្ដី ដែលសកម្មភាពល្មើស ច្បាប់ទាំងនេះ គឺធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ធនធាន ជលផល ជាពិសេសសត្វផ្សោតទន្លេ មេគង្គដែលជា រតនៈសម្បត្តិធម្មជាតិ មានជីវិតដ៏ពិសិដ្ឋរបស់ជាតិ។
រដ្ឋបាលខេត្តក្រចេះ សូមអំពាវនាវដោយ ទទូចដល់បង ប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទ សូមចូលរួម ដោយស្ម័គ្រចិត្ត ប្រគល់ជូនអាជ្ញា ធរមូលដ្ឋាន និងមន្ត្រីជំនាញផលផល នូវឧបករណ៍នេសាទ ល្មើសច្បាប់ ដូចជា អាំវែកទ័រឆក់ត្រី មងគ្រប់ប្រភេទ និងសន្ទូចរនងដែល កំពុងប្រើប្រាស់នៅ ក្នុងតំបន់ស្នូលទី៤ ស្ថិតនៅក្នុងឃុំ ជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ និងឃុំសំបុក ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ចាប់ពីក្បាលកោះទ្រង់ឡើង រហូតដល់ភូមិក្បាលជួរ មានប្រវែង ២១,៦៥គម ដែលជាតំបន់សក្តានុពល មានហ្វូងផ្សោត រស់នៅ និងបម្លាស់ទី នៅក្នុងអន្លង់ផ្សោតកាំពី និងជ្រោយបន្ទាយ ព្រមទាំងតំបន់គ្រប់គ្រង ការពារសត្វផ្សោត និងកន្លែងផ្សេងៗទៀត។
ក្នុងករណ៏បងប្អូន ប្រជាពលរដ្ឋអ្នកនេសាទ មិនអនុវត្តតាមសេចក្តី ជូនដំណឹងនេះ រដ្ឋបាលខេត្តក្រចេះ ដែលមាន ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ នឹងចាត់វិធានការអនុវត្តតាម នីតិវិធីច្បាប់ស្តីពី ជលផលជាធរមាន ដោយប្រើប្រាស់យន្ត ការចុះឆែកឆេដល់ លំនៅដ្ឋាន។
រដ្ឋបាលខេត្តក្រចេះ សង្ឃឹមយ៉ាងមុតមាំ និងមានជំនឿលើស្មារតីទទួលខុសត្រូវខ្ពស់របស់បងប្អូន ប្រជាពលរដ្ឋអ្នក នេសាទទាំងអស់ ចូលរួមសហការជា មួយមន្ត្រីជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរពាក់ព័ន្ធអនុវត្ត តាមសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានានូវ ចីរភាពនៃធនធាន ជលផលដ៏កម្ររបស់ យើងសម្រាប់កូនចៅ ជំនាន់ក្រោយៗទៀត ៕